ជនអន្តប្រវេសន៍ បាននាំគ្នាផ្លាស់ប្តូរទិសដៅធ្វើដំណើររបស់ពួកគេវិញ ហើយនិងបានធ្វើដំណើរវិលត្រឡប់មកកាន់តំបន់ភាគខាងត្បូងវិញ ស្របពេលមានវិធានការបោសសម្អាតអន្តោប្រវេសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។ នៅក្នុងចំណោមពួកគេ រួមមានទាំងជនអន្តោប្រវេសន៍វេណេស៊ុយអេឡាផងដែរ ។
អ្នកស្រី Yaifer Alejandra ដែលជាជនអន្តោប្រវេសន៍វេណេស៊ុយអេឡាមួយរូប និយាយថា គាត់ពុំធ្លាប់ដែលទៅដល់គោលដៅរបស់គាត់ម្តងណាទេ ។
អ្នកស្រីបន្តថា វាគឺជារឿងគួរឲ្យក្រៀមក្រំមួយ ប៉ុន្តែគាត់ទទួលបានបទពិសោធន៍ក្នុងឆាកជីវិត ។ គាត់ត្រូវវិលត្រឡប់មកវិញទាំងភាពក្រៀមក្រំ ពីព្រោះថាគាត់ចង់ទៅដល់សហរដ្ឋអាមេរិក ប៉ុន្តែបែរជាគាត់មិនអាចធ្វើបានទៅវិញ ។
ចំណែកឯលោក Wilson Duarte និងភរិយាមានផ្ទៃពោះរបស់គាត់ និយាយថា ពួកគេបានសម្រេចចិត្តចាកចេញពីទីក្រុងញូវយ៉ក ក្រោយទទួលបានបទបញ្ជាឲ្យនិរទេសខ្លួន ។ ពួកគេបានធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងកំណើត Caracas ប្រទេសវេណេស៊ុយអេឡាវិញ ។
ពួកគេនិយាយថា ពួកយើងមិនអាចស្នាក់នៅសហរដ្ឋអាមេរិកបានទេ ហើយពួកយើងត្រូវតែវិលត្រឡប់មកវិញ ។ តាមសមុទ្រគឺគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះហើយពួកយើងមិនអាចណែនាំឲ្យនរណាម្នាក់ធ្វើដំណើរតាមសមុទ្រនោះទេ ។ ពួកយើងធ្វើដំណើរឆ្លងកាត់ព្រៃស្តុក Darien គឺជាផ្លូវមួយគត់ដែលពួកយើងអាចសម្រាកបាន បើសិនជាពួកយើងហត់ ៕