ទូរទស្សន៍របស់ក្រុមហ៊ួទី Al Masirah បានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែប្រេងឥន្ធនៈមួយ ក្នុងប្រទេសយេម៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៨នាក់ ជាការវាយប្រហារដ៏សាហាវបំផុតមួយ ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមការវាយប្រហាររបស់ខ្លួន ទៅលើក្រុម សកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់។
សហរដ្ឋអាមេរិក បានប្តេជ្ញាថា នឹងមិនបញ្ឈប់ការវាយប្រហារទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើម កាលពីខែមុន នៅក្នុងប្រតិបត្តិការយោធាដ៏ធំបំផុតរបស់ខ្លួន នៅមជ្ឈិមបូព៌ា ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) ចូលកាន់តំណែងក្នុងខែមករា រហូតដល់ក្រុមហ៊ួទី បញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូន នៅសមុទ្រក្រហម។
ទូរទស្សន៍ Al Masirah បាននិយាយថា មនុស្ស ១២៦នាក់ បានរងរបួសផងដែរ នៅក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ លើកំពង់ផែឥន្ធនៈ Ras Isa ភាគខាងលិច ដែលយោធាអាមេរិក បាននិយាយថាមានគោលបំណងកាត់ផ្តាច់ប្រភពប្រេងឥន្ធនៈសម្រាប់ក្រុមសកម្មប្រយុទ្ធហ៊ួទី។
ដោយឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រសម្រាប់ការធ្វើអត្ថាធិប្បាយលើតួលេខជនរងគ្រោះរបស់ក្រុមហ៊ួទី និងការប៉ាន់ប្រមាណរបស់ខ្លួន ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនមានអ្វីលើសពីការប្រកាសដំបូងនៃការវាយប្រហារនោះទេ។