ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 ពិភពលោកនឹងឆ្ពោះទៅទីលានចុងក្រោយដោយមានកីឡាករ ២រូបមានពិន្ទុស្មើគ្នា បន្ទាប់ពី Lewis Hamilton យកឈ្នះការប្រកួតនៅអារ៉ាប៊ីសាអ៊ូឌីតឡើងស្មើពិន្ទុជាមួយកីឡាករហូឡង់ Max Verstappen ដែលជាគូប្រជែងស្វិតស្វាញរដូវកាលនេះ។

ជាការប្រកួតដែលច្របូកច្របល់បំផុតមួយក្នុងរដូវកាលនេះ បន្ទាប់ពីការប្រកួតត្រូវបញ្ឈប់ ២ដងដើម្បីចេញដំណើរឡើងវិញបន្ទាប់ពីការប៉ះទង្គិច។ កីឡាកររបស់ក្រុម Mercedes, Lewis Hamilton នៅតែអាចឈ្នះការប្រកួតនេះបាន ទោះបីជ្រុលបុកគូទរថយន្តរបស់ Max Verstappen នៅពេលដែលកីឡាករហូឡង់បង្អង់ដើម្បីឱ្យ Hamilton វ៉ាក្រោយកំហុសរបស់ខ្លួន។ កីឡាកររបស់ក្រុម Red Bull, Max Verstappen ថ្វីបើចេញដំណើរទាំង ៣លើកនៅពីក្រោយ Hamilton តែការចេញដំណើរនោះតែងតែឡើងមកនាំមុខគេរហូត តែនៅតែមិនអាចយកជ័យជំនះបាន។
ជ័យជំនះរបស់ Hamilton ធ្វើឱ្យគេបន្តឈរលេខ ២ ក្នុងតារាងជើងឯកពិភពលោកដដែលតែមានពិន្ទុស្មើគ្នាជាមួយ Max Verstappen ដែលឈរលេខ ១ មានសរុប ៣៦៩.៥ពិន្ទុដូចគ្នាតែ Verstappen ឈរពីលើដោយសារឈ្នះច្រើនទីលានជាង។ F1 ពិភពលោកនឹងប្រកួតបិទបញ្ចប់រដូវកាលរបស់ខ្លួនចុងសប្តាហ៍នេះនៅទឹកដីអារ៉ាប់រួមទីក្រុង Abu Dhabi៕
អត្ថបទ៖នាង សុភាវុធ