នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) បានប្រាប់គេហទំព័រ www.ot.hu ថា ប្រទេសហុងគ្រី រំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេល ៦ខែខាងមុខ ជាអ្វីដែលអាចជួយទប់ទល់ផលប៉ះពាល់ដែលអាចកើតមាន ដោយសារអត្រាពន្ធដាក់ដោយប្រធានាធិបតី លោក Donald Trump។
ឧស្សាហកម្មរថយន្តរបស់ហុងគ្រី ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) គឺជាកត្តាជំរុញដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែប្រឈមនឹងផលប៉ះពាល់ដែលអាចកើតមាន ដោយសារពន្ធគយរបស់សហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះត្រូវដោះស្រាយជាមួយដំណើរការងើបឡើងវិញយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចរបស់ខ្លួន ហើយប្រឹងប្រែងទប់ស្កាត់អតិផរណានៅមុនការបោះឆ្នោតឆ្នាំ២០២៦។
ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ www.ot.hu លោក Orban បាននិយាយថា៖ «យើងកំពុងពិភាក្សាជាមួយអាមេរិក អំពីបញ្ហាសេដ្ឋកិច្ច ដែលនឹងមានប្រយោជន៍សម្រាប់ពួកយើង។ ពន្ធគយនឹងផ្ដល់ភាពអវិជ្ជមានដល់ពួកយើង ប៉ុន្តែយើងចរចា អំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចផ្សេងទៀត ដើម្បីជួយកាត់បន្ថយផលប៉ះពាល់»។
គួរបញ្ជាក់ថា EU ប្រឈមនឹងអត្រាពន្ធនាំចូល ២៥លើដែកថែប អាលុយមីញ៉ូម និងរថយន្ត ហើយត្រូវបង់កាន់តែខ្ពស់លើទំនិញស្ទើរតែទាំងអស់ ក្រោមគោលនយោបាយរបស់លោក Trump ក្នុងការចាត់វិធានការលើបណ្ដាប្រទេសដែលលោកលើកឡើងថា ដាក់របាំងខ្ពស់ ចំពោះការនាំចូលរបស់សហរដ្ឋអាមេរិក។ EU នឹងអាចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនពេលការផ្អាក ៩០ថ្ងៃ លើអត្រាពន្ធមួយចំនួន ត្រូវបញ្ចប់៕