នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានច្រានចោលទំាងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថា ទីក្រុងប៉េកាំង បានផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ។
ចិនបានរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និតជាមួយរុស្ស៊ី អំឡុងសង្រ្គាមរយៈពេល ៣ឆ្នាំរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ប៉ុន្តែពួកគេបានច្រានចោលទាំងស្រុងរាល់ការជាប់ពាក់ព័ន្ធណាមួយនៅក្នុងសង្រ្គាមអ៊ុយក្រែន ។
ការបដិសេធន៍នៅថ្ងៃចន្ទនេះ បានកើតមានឡើង បន្ទាប់ពីសេចក្តីអត្ថាធិប្បាយរបស់លោក Zelenskiy នៅក្នុងសន្និសីទសារព័ត៌មានកាលពីរយៈពេល ១ថ្ងៃមុនបញ្ជាក់ថា ចិនបាននឹងកំពុងផ្គត់ផ្គង់អាវុធ និងរំសេវដល់រុស្ស៊ី ស្របពេលលោកចោទប្រកាន់ផងដែរថា ពួកគេផលិតអាវុធនៅលើទឹកដីរុស្ស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនពុំដែលផ្តល់អាវុធមរណៈដល់ភាគីណាមួយនៅក្នុងវិបត្តិអ៊ុយក្រែននោះទេ ។
គួរឲ្យដឹងថា លោក Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនមានភ័ស្តុតាងចារកម្មបង្ហាញថា ចិនផ្គត់ផ្គង់កាំភ្លើងធំ និងរំសេវដល់រុស្ស៊ី ។ លោកថា ក្រុមអ្នកតំណាងចិន បានចូលរួមផលិតអាវុធមួយចំនួននៅលើទឹកដីរុស្ស៊ី ប៉ុន្តែលោកពុំបានបញ្ជាក់ថាតើលោកចង់មានន័យថាជាប្រព័ន្ធកាំភ្លើងធំ ឬគ្រាប់ផ្លោងនោះទេ ៕