ក្រុមមន្រ្តីនិយាយថា ការវាយប្រហារមីស៊ីលរុស្ស៊ីលើទីក្រុងភាគឦសាន Kharkiv របស់អ៊ុយក្រែន បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៨២នាក់ផ្សេងទៀត រងរបួស ក្នុងនោះរួមទាំងកុមារ ៦នាក់ផងដែរ នៅព្រឹកថ្ងៃសុក្រនេះ ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញក្រុមការងារសង្រ្គោះបន្ទាន់ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅរោងចក្រកាត់ដេររងការខូចខាតធ្ងន់ធ្ងរ ស្ថិតក្នុងតំបន់ឧស្សាហកម្ម Kharkiv ។
ក្រុមសេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ការវាយប្រហារនេះ បានធ្វើខូចខាតអគារផ្ទះល្វែងជាច្រើនខ្នង ស្ថាប័នអប់រំ និងសហគ្រាសឯកជនមួយកន្លែង ។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា នេះគឺជាវិធីដែលរុស្ស៊ីចាប់ផ្តើមថ្ងៃសុក្រ ជាមួយនឹងមីស៊ីលបាលីស្ទិក មីស៊ីលតម្រង់គោលដៅ និងយានដ្រូនអត្តឃាត Shaheds បំផ្លាញប្រជាជន និងទីក្រុងរបស់ពួកយើង ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន និយាយថា រុស្ស៊ីបានបាញ់មីស៊ីល ៤គ្រាប់លើទីក្រុង Kharkiv ក្នុងនោះមីស៊ីល ៣គ្រាប់គឺជាមីស៊ីលបាលីស្ទិកដែលមានបំពាក់ក្បាលគ្រាប់ ៕