វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី១៨ ខែមេសា) នេះ បានឲ្យដឹងថា វឌ្ឍនភាពមួយចំនួន បានកើតមានរួចហើយ នៅក្នុងការពិភាក្សាអំពីដំណោះស្រាយសន្តិភាពដែលអាចកើតមាន ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ប៉ុន្តែទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មានភាពស្មុគស្មាញជាងបន្តិច។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ទំនាក់ទំនង គឺស្មុគស្មាញបន្តិច ពីព្រោះតាមធម្មតា ប្រធានបទបែបនេះមិនមែនជារឿងងាយស្រួលនោះទេ។ រុស្ស៊ីប្តេជ្ញាដោះស្រាយជម្លោះនេះ ធានាឲ្យបាននូវផលប្រយោជន៍ផ្ទាល់ខ្លួន និងបើកចំហ សម្រាប់ការសន្ទនា។ យើងបន្តធ្វើកិច្ចការនេះ»។
នៅថ្ងៃសុក្រនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងមិនព្យាយាមជួយសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើមិនមានសញ្ញាច្បាស់លាស់ ដែលថា កិច្ចព្រមព្រៀងមួយអាចកើតឡើងបាន។
នៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិកអាចដកខ្លួនចេញពីដំណើរការស្វែងរកដំណោះស្រាយសន្តិភាព នៅអ៊ុយក្រែនដែរ ឬទេ លោក Peskov បាននិយាយថា នោះគឺជាសំណួរ សម្រាប់ទីក្រុងវ៉ាស៊ីនតោន៕