ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) មាននូវជំនួបបិទទ្វារមួយកាលពីថ្ងៃព្រហស្បតិ៍តាមសំណើរបស់រុស្ស៊ី ជុំវិញបទឈប់បាញ់ហេដ្ឋារចនាសម្ព័ន្ធថាមពលរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ UNលោក Vassily Nebenzia បានចោទប្រកាន់អ៊ុយក្រែនថាមិនអើពើចំពោះបទឈប់បាញ់ និងបើកការវាយប្រហារចំនួន ១២០លើក ។
លោក Nebenzia និយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបថា កងកម្លាំងអ៊ុយក្រែនភាគច្រើនមិនគោរពបទឈប់បាញ់នោះទេ ដោយពួកគេនៅតែបន្តវាយប្រហាលើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈ និងថាមពលរុស្ស៊ី ជារៀងរាល់ថ្ងៃ ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយជំនួបដែលអានដោយឯកអគ្គរដ្ឋទូតស្លូវេនីប្រចាំនៅ UNលោក Samuel Zbogar និយាយថា ស្លូវេនី ដាណឺម៉ាក បារាំង ក្រិក និងអង់គ្លេស ជំរុញឲ្យរុស្ស៊ីយល់ព្រមបទឈប់បាញ់ពេញលេញ និងដោយគ្មានលក្ខខណ្ឌ ។
លោក Zbogar និយាយថា អ៊ុយក្រែនចង់បានសន្តិភាព ហើយពួកគេបានបញ្ជាក់រួចហើយកាលពីរយៈពេល ៥សប្តាហ៍មុនថា ពួកគេឯកភាពលើបទឈប់បាញ់ពេញលេញ បន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ។
លោកបន្តថា នៅការពិគ្រោះយោបល់នាថ្ងៃនេះ ជាថ្មីម្តងទៀតដែលរុស្ស៊ីបានច្រានចោលបទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងបដិសេធន៍មិនព្រមបោះជំហានដំបូងឆ្ពោះទៅរកសន្តិភាព ។
នៅពេលមុននេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា រុស្ស៊ីបានកាត់បន្ថយចំនួនវាយប្រហារលើទីតាំងថាមពលអ៊ុយក្រែន ប៉ុន្តែពួកគេវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជំនួសវិញ ៕