ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៉ារីស សម្រាប់កិច្ចពិភាក្សាលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ស្របពេលដែលសម្ព័ន្ធមិត្តរបស់ទីក្រុងគីវនៅអឺរ៉ុប ព្យាយាមដើរតួនាទីសំខាន់ជាងមុននៅក្នុងកិច្ចខិតខំប្រឹងបែងជាប់គាំង ដើម្បីបញ្ចប់ជម្លោះ ខណៈកើតមានភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន ។
ថ្លែងក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និងប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff កាលពីថ្ងៃព្រហស្បតិ៍ លោក Macron និយាយថា កិច្ចប្រជុំនេះតំណាងឲ្យឱកាសដ៏សំខាន់មួយសម្រាប់ការជួបជុំគ្នា ។
មេដឹកនាំបារាំងរូបនេះ និយាយថា អ្នករាល់គ្នាចង់បានសន្តិភាព គឺជាសន្តិភាពដ៏រឹងមាំមួយ និងប្រកបដោយនិរន្តរភាព ។
គួរឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននឹងកំពុងជំរុញឲ្យបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក្នុងនោះលោក Trump ខ្លួនលោកផ្ទាល់មាននូវកិច្ចពិភាក្សាទ្វេភាគី ជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែនរបស់លោក គឺលោក Vladimir Putin និងលោក Volodymyr Zelenskyy ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ កិច្ចខិតខំប្រឹងប្រែងរបស់លោក Trumpពុំទាន់ទទួលបានផ្លែផ្កានោះទេ ហើយប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បង្ហាញនូវភាពខកចិត្តរបស់លោកចំពោះទីក្រុងម៉ូស្គូ និងទីក្រុងគីវ ។
កាលពីខែមុន អ៊ុយក្រែន បានយល់ព្រមនឹងសំណើបទឈប់បាញ់របស់លោក Trump ប៉ុន្តែរុស្ស៊ីច្រានចោលគំនិតបែបនេះ ។ ភាគីទាំង ២ យល់ព្រមត្រឹមតែទប់ស្កាត់ការវាយប្រហារលើគោលដៅថាមពល និងតាមសមុទ្រប៉ុណ្ណោះ ដែលពួកគេបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានលើបទឈប់បាញ់ ៕