នៅមុនមានការចរចាជុំទី២ ជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump រដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi នៅថ្ងៃសុក្រ (ទី១៨ ខែមេសា) បាននិយាយថា ប្រទេសអ៊ីរ៉ង់ជឿជាក់ថា ការឈានដល់កិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក អាចកើតឡើងបាន ដរាបណាទីក្រុងវ៉ាស៊ីនតោនមានភាពប្រាកដនិយម។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងមូស្គូ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov លោក Araqchi បានប្រាប់ថា៖ «ប្រសិនបើពួកគេបង្ហាញពីចេតនាប្រាកដប្រជា ហើយមិនធ្វើការទាមទារដែលមិនប្រាកដប្រជានោះ ការឈានដល់កិច្ចព្រមព្រៀង អាចកើតឡើងបាន»។
លោក Araqchi បាននិយាយថា ប្រទេសអ៊ីរ៉ង់បានកត់សម្គាល់ឃើញពីភាពប្រាកដប្រជារបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចចរចាជុំទី១ ស្តីពីកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើងក្នុងប្រទេសអូម៉ង់កាលពីសប្តាហ៍មុន។ ជុំទី២ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក Trump បានគំរាមវាយប្រហារអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង មិនយល់ព្រមមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលអ៊ីរ៉ង់តែងតែលើកឡើងថា ជាកម្មវិធីប្រកបដោយសន្តិភាព ប៉ុន្តែលោកខាងលិចចោទថា មានបំណងបង្កើតគ្រាប់បែកបរមាណូ។
នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងស្វែងរកដំណោះស្រាយដោយសន្តិវិធីជាមួយអ៊ីរ៉ង់ ប៉ុន្តែនឹងមិនអត់ធ្មត់នោះឡើយ ចំពោះប្រទេសដែលកំពុងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ៕