
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមថា ពួកគេអាចបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ស្របពេលដែលរូបលោកជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ជាលើកទី ២ ក្នុងរយៈពេល ២៤ម៉ោង ។
លោក Vance បានជួបលោកស្រី Meloni នៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ហើយពួកគេទាំង ២បានជិះយន្តហោះមកកាន់រដ្ឋធានីប្រទេសអ៊ីតាលី មុនពិធីបុណ្យ Easter (ការរស់ឡើងវិញរបស់ព្រះយេស៊ូ)។
ពេលអង្គុយជាមួយលោកស្រី Meloni លោក Vance និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ថា លោកចង់ធ្វើបច្ចុប្បន្នភាពដល់លោកស្រីនាយករដ្ឋមន្រ្តីលើកិច្ចចរចាមួយចំនួនរវាងរុស្ស៊ី និងអ៊ុយក្រែន សូម្បីតែក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ពួកយើងគិតថា ពួកយើងមានរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួន ដើម្បីរាយការណ៍ប្រាប់ ។
លោកបន្តថា ចាប់តាំងពីមានកិច្ចចរចា លោកមិនវិនិច្ឆ័យទុកជាមុននោះទេ ប៉ុន្តែពួកយើងពិតជាមានសុទិដ្ឋិនិយមថា ពួកយើងសង្ឃឹមអាចនាំឲ្យសង្រ្គាមដ៏ឃោឃៅបំផុតមួយនេះ បញ្ចប់ទៅបាន ។

នៅពេលមុននេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បាននិយាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងដើរចេញពីការព្យាយាមរៀបចំកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃ លុះត្រាតែមានសញ្ញាច្បាស់លាស់ថា កិច្ចព្រមព្រៀងអាចនឹងធ្វើបាន ៕