
នៅថ្ងៃសុក្រនេះ ជនប៉ាឡេស្ទីននាំគ្នារុករកឆ្លងកាត់គំនរបាក់បែកផ្ទះមួយខ្នងស្ថិតក្នុងទីក្រុង Jabalia តំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្សជាច្រើននាក់ ។
ក្រុមសាច់ញាតិ បានជួបជុំគ្នានៅមន្ទីរពេទ្យឥណ្ឌូនេស៊ី ដើម្បីកាន់ទុក្ខ ស្ថិតក្នុងជំរំ Beit Lahiya ជាទីដែលសាកសពជនប៉ាឡេស្ទីនត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនាំទៅកាន់ទីនោះ ។

យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលត្រូវចំគោលដៅប្រហែល ៤០កន្លែងនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលក្រុមហាម៉ាសច្រានចោលសំណើបទឈប់បាញ់របស់អ៊ីស្រាអែល ដែលពុំឈានដល់តម្រូវការទាមទាររបស់ពួកគេឲ្យបញ្ចប់សង្រ្គាមទាំងស្រុង ។
កាលពីខែមុន យោធាអ៊ីស្រាអែល បានបំពានបទឈប់បាញ់រយៈពេល ២ខែដែលបានផ្អាកសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយចាប់តាំងពីពេលនោះមក ពួកគេបានរុលចូលកាន់តែជ្រៅនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូង រឹបអូសតំបន់ជិត ១ ភាគ ៣នៅដែនដីបិទច្រកមួយនេះ ខណៈពេលដែលពួកគេដាក់សំពាធលើក្រុមហាម៉ាស ឲ្យយល់ព្រមដោះលែងចំណាប់ថ្នូរ និងទម្លាក់អាវុធចុះ ។
យោធាអ៊ីស្រាអែល និយាយថា ទាហានរបស់ពួកគេកំពុងប្រតិបត្តិការនៅតំបន់ Shabura និងតំបន់ Tel Al-Sultan ស្ថិតនៅជិតទីក្រុងភាគខាងត្បូង Rafah ក៏ដូចជានៅតំបន់ភាគខាងជើងហ្កាហ្សា ជាទីដែលពួកគេគ្រប់គ្រងតំបន់ភាគច្រើននៅភាគខាងកើតទីក្រុងហ្កាហ្សា ៕