
ក្រុមបុរាណវិទូ បានបង្ហាញសាកសពមនុស្សដែលគេជឿថា ត្រូវបានបញ្ចុះបន្ទាប់ពីពិធីបូជាយញ្ញ ក្នុងតំបន់ប្រវត្តិសាស្រ្តស្ថិតនៅភាគឦសានប្រទេសប៉េរូ ដែលគេបញ្ជាក់ថា សាកសពនេះស្ថិតក្នុងប្រាសាទមានអាយុកាលប្រមាណ ៤ពាន់ឆ្នាំ និងជាប្រាសាទមានវ័យចំណាស់បំផុតលំដាប់ទី ២នៅតំបន់នោះ ។
សាកសពនេះ ត្រូវបានគេគិតថា គឺជាសាកសពរបស់មនុស្សមានអាយុចន្លោះ ២០ឆ្នាំ និង ២៥ឆ្នាំ ដែលមានអាយុកាលតាំងពីចុងសម័យអរិយធម៌ Chimu ចន្លោះឆ្នាំ ១៣០០ និងឆ្នាំ ១៤០០ នៃគ.ស ហើយវាគឺជាភ័ស្តុតាងដំបូងនៃការបូជាយញ្ញ ត្រូវបានរកឃើញនៅក្នុងប្រាសាទ Cerrito 2 ។

វប្បធម៌ Chimu គឺជាអរិយធម៌តំបន់ឆ្នេរដ៏រុងរឿង និងមានឥទ្ធិពលមុនកូឡុំប៊ី ស្ថិតក្នុងប្រទេសប៉េរូ និងល្បីល្បាញខ្លាំងសម្រាប់នគរូនីយកម្ម លោហស្សាហកម្ម និងវាយនភ័ណ្ឌ ដោយរដ្ឋធានីរបស់ពួកគេស្ថិតនៅតំបន់ Chan Chan ដែលសម្បូរសប្បាយខ្លាំងចន្លោះឆ្នាំ ១០០០ និង ១៤៧០នៃគ.ស ។
គួររំឭកថា កាលពីពេលកន្លងទៅ ក្រុមបុរាណវិទូ បានរកឃើញសាកសពនៅតំបន់ឆ្នេរទេសចរណ៍ Huanchaco ស្ថិតនៅភាគខាងជើងរដ្ឋធានីលីម៉ា ប្រទេសប៉េរូ ។
វាគឺជាកន្លែងធំបំផុតដែលសាកសពក្មេងៗជាច្រើននាក់ត្រូវបានរកឃើញ ហើយក្មេងៗទាំងនោះ មានអាយុចន្លោះពី ៤ឆ្នាំ ទៅ១៤ឆ្នាំ ដែលត្រូវបានគេចាប់យកទៅបូជាយញ្ញក្នុងពិធីសាសនាឧទ្ទិសថ្វាយដល់ព្រះក្នុងវប្បធម៌ Chimu ៕