
យោងតាមការព្រមានបន្ទាន់ពីទីភ្នាក់ងារជំនួយធំៗចំនួន ១២នៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ការឡោមព័ទ្ធទាំងស្រុង និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប បណ្តាលឲ្យកុមារប៉ាឡេស្ទីនរស់រានដោយសារអាហារតិចជាង ១ដង ក្នុង ១ថ្ងៃ ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមភ្នាក់ងារជំនួយធំៗ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធជំនួយមនុស្សធម៌នៅតំបន់ហ្កាហ្សា ប្រឈមនឹងការដួលរលំទាំងស្រុង ដោយសារប្រតិបត្តិការសឹករយៈពេល ១៨ខែរបស់អ៊ីស្រាអែល ហើយនិងការបិទច្រកទាំងស្រុងកាលពីខែមុន ។
សេចក្តីថ្លែងការណ៍មួយនេះបន្តថា ប្រហែល ៩៥ភាគរយនៃក្រុមទីភ្នាក់ងារជំនួយប៉ាឡេស្ទីន និងអន្តរជាតិចំនួន ៤៣ បានផ្អាករួចទៅហើយសេវាកម្មរបស់ពួកគេនៅក្នុងតំបន់ហ្កាហ្សា ស្របពេលមានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ និងរើសអើងជាតិសាសន៍ ធ្វើឲ្យគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ពួកគេ ។
លោក Bushra Khalil គឺជាប្រធានគោលនយោបាយរបស់ក្រុមជំនួយ Oxfam និយាយថា ក្មេងៗទទួលទានអាហារតិចជាងមួយដង ក្នុង ១ថ្ងៃ ហើយពួកគេពិបាករកអាហារបន្ទាប់របស់ពួកគេខ្លាំងណាស់ ។

លោកបន្តថា អ្នករាល់គ្នាទទួលទានតែអាហារកំប៉ុង ពួកគេខ្វះអាហារូបត្ថម្ភ ហើយគ្រោះទុរ្ភិក្សច្បាស់ណាស់ថា នឹងកើតឡើងនៅតំបន់ហ្កាហ្សា ។
ដោយឡែក លោក Amande Bazerolle គឺជាអ្នកសប្រមសម្រួលនៅតំបន់ហ្កាហ្សាសម្រាប់ក្រុមគ្រូពេទ្យគ្មានព្រំដែន និយាយបន្ថែមថា ក្រុមការងារជំនួយត្រូវបង្ខំចិត្តឈរមើលស្រ្តី និងកុមារទទួលរងគ្រោះ និងស្លាប់ ខណៈពេលដែលពួកយើងមិនអាចដោះស្រាយបន្ទុកផ្តល់ជំនួយដល់ពួកគេបាន ៕