ក្រុមឧទ្ទាមហ៊ួទី បាននិយាយកាលពីថ្ងៃសុក្រ ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើកំពង់ផែប្រេងឥន្ធនៈមួយកន្លែងនៅប្រទេសយេម៉ែន អ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់៨០នាក់ ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៃយុទ្ធនាការរយៈពេល១៥ខែរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងក្រុមគាំទ្រដោយប្រទេសអ៊ីរ៉ង់។
យោធាអាមេរិកបាននិយាយថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍លើកំពង់ផែ Ras Issa ក្នុងគោលបំណងកាត់ផ្តាច់ការផ្គត់ផ្គង់ និងការផ្តល់មូលនិធិសម្រាប់ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់ដ៏ធំក្នុងប្រទេសក្រីក្របំផុតនៅឧបទ្វីបអារ៉ាប់។
រូបភាពដែលផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍គ្រប់គ្រងដោយក្រុមហ៊ួទី បានបង្ហាញពីអណ្តាតភ្លើងភ្លឺពេញអាកាសនៅពេលយប់។
ប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ួទី បានរាយការណ៍ពីការវាយប្រហារថ្មីៗនៅក្នុងនិងជុំវិញរដ្ឋធានីសាណា កាលពីយប់ថ្ងៃសុក្រ។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Anees Alasbahi បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកសាកសពនៅស្ថានីយប្រេងឥន្ធនៈនៅសមុទ្រក្រហម ដោយនិយាយថាចំនួនអ្នកស្លាប់អាចកើនឡើងច្រើនជាងនេះ។
ទូរទស្សន៍ Al-Masirah របស់ក្រុមឧទ្ទាម ដែលដកស្រង់សម្តីមន្ត្រីក្នុងតំបន់ បាននិយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហារបាន កើនឡើងដល់យ៉ាងហោចណាស់៨០នាក់ និង១៥០នាក់ទៀតរងរបួស។