មេធាវីសម្រាប់ពលរដ្ឋវេណេស៊ុយអេឡា ដែលត្រូវបានឃុំខ្លួនក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃសុក្របានស្នើឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិក រារាំងនូវអ្វីដែលក្រុមមេធាវី បាននិយាយថា ជាការនិរទេសក្រុមបុរស ធ្វើឡើងដោយរដ្ឋបាលរបស់ លោក Trump។
នៅក្នុងឯកសារតុលាការ ក្រុមមេធាវីសម្រាប់សហភាពសេរីភាពស៊ីវិលអាមេរិក បាននិយាយថា បុរសមួយចំនួនក្នុងចំណោមបុរសរាប់សិបនាក់ ដែលត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង Bluebonnet ក្នុងទីក្រុង Anson រដ្ឋតិចសាស់ ត្រូវបានគេដាក់លើរថយន្តក្រុងរួចហើយ ហើយត្រូវបានគេប្រាប់ថា ពួកគេនឹងត្រូវបាននិរទេស។
មេធាវីរបស់រដ្ឋាភិបាលម្នាក់ បាននិយាយថា លោកពុំបានដឹងអំពីផែនការរបស់ក្រសួងសន្តិសុខមាតុភូមិក្នុងការនិរទេសបុរសទាំងនោះ កាលពីថ្ងៃសុក្រនោះទេ ប៉ុន្តែអាចនឹងមានការនិរទេសនៅថ្ងៃសៅរ៍នេះ។
នៅក្នុងសំណុំរឿងរបស់តុលាការតំបន់ ចៅក្រម លោក James Boasberg បានបដិសេធសំណើរបស់ សហភាពសេរីភាពស៊ីវិលអាមេរិក (ACLU) ដើម្បីរារាំងលោក Trump ពីការនិរទេសសមាជិកដែលសង្ស័យថាជាក្រុមជនអន្ធពាលវេណេស៊ុយអេឡា។