ប្រទេសអ៊ីរ៉ង់ បានធ្វើព្យុហយាត្រាយោធានៅក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីថ្ងៃសុក្រ ដើម្បីរំលឹកដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ប្រធានាធិបតីអ៊ីរ៉ង់ តែងតែរិះគន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងសុន្ទរកថា ប៉ុន្តែលើកនេះ ការរិះគន់មិនបានកើតឡើងឡើយ។
ប្រធានាធិបតី លោក ម៉ាស៊ូ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បាននិយាយថា កងកម្លាំងអ៊ីរ៉ង់ មានភាពក្លាហាន និងមិនអនុញ្ញាតឱ្យសត្រូវចូលក្នុងប្រទេសបានដោយងាយៗឡើយ។ លោកបាននិយាយបន្ថែមថា លោកមានមោទនភាពដែលពេលនេះយោធារបស់ប្រទេសលោក បានធ្វើឲ្យមានវឌ្ឍនភាពក្នុងការផលិតឧបករណ៍ចាំបាច់ទាំងអស់ដោយផ្ទាល់ខ្លួន។ ក្បួនព្យុហយាត្រា មានបង្ហាញមីស៊ីល យានដ្រូន និងរថក្រោះ។
មន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។ ភាគីទាំងពីរបានចាត់ទុកកិច្ចប្រជុំនេះថា មានលក្ខណៈ«ស្ថាបនា»។
ការចរចាជុំទីពីរគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍នេះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក Pezeshkian ប្រហែលជាបានបញ្ចៀសការបង្កហេតុណាមួយដល់ទីក្រុងវ៉ាស៊ីនតោន នៅមុនពេលកិច្ចចរចាធ្វើឡើង។