រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងដាក់សម្ពាធកាន់តែខ្លាំងលើទីក្រុងប៉េកាំង ជុំវិញពាណិជ្ជកម្ម។ នាវាចិនដែលចូលចតនៅកំពង់ផែសហរដ្ឋអាមេរិក នឹងចាំបាច់ត្រូវបង់ថ្លៃឈ្នួលថ្មីក្នុងពេលឆាប់ៗនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក(USTR) បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ វិធានការនេះ គឺជាផ្នែកមួយនៃផែនការដើម្បីពិនិត្យឡើងវិញនូវឧស្សាហកម្មផលិតនាវារបស់សហរដ្ឋអាមេរិក ដោយមើលឃើញពីភាពលុបលើរបស់ប្រទេសចិន។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក(USTR) និយាយថា ចំណាត់ការនេះអនុវត្តចំពោះម្ចាស់ និងប្រតិបត្តិករនាវាដែលបំពាក់ទង់ជាតិចិន។ ការិយាល័យនិយាយថា ថ្លៃឈ្នួលនឹងត្រូវបានអនុវត្តក្នុងរយៈពេលប្រហែល៦ខែ ហើយត្រូវបានដំឡើងជាដំណាក់កាល ដោយចំនួនផ្អែកលើទម្ងន់សុទ្ធ ឬទូរកុងតឺន័រ។
ការិយាល័យនិយាយថា ចំណាត់ការនេះគឺផ្អែកលើផ្នែកទី៣០១នៃច្បាប់ពាណិជ្ជកម្មដែលអនុវត្តនៅពេលដែលដៃគូពាណិជ្ជកម្មត្រូវបានចាត់ទុកថាបានពាក់ព័ន្ធក្នុងការអនុវត្តដោយមិនយុត្តិធម៌។ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា «ចំណាត់ការរបស់រដ្ឋបាល លោក Trump នឹងចាប់ផ្តើមតបតនូវភាពលប់លើរបស់ចិន ដោះស្រាយការគំរាមកំហែងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក និងបញ្ជូនសញ្ញាតម្រូវការសម្រាប់នាវាផលិតដោយសហរដ្ឋអាមេរិក»។
ការប្រកាសនេះបានធ្វើឲ្យប្រទេសចិនមានកំហឹង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃសុក្រថា ចំណាត់ការនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រទេសផ្សេងទៀត និងសហរដ្ឋអាមេរិកខ្លួនឯង។ លោកក៏បាននិយាយថា វានឹងបង្កើនថ្លៃដឹកជញ្ជូនតាមសមុទ្រ និងរំខានដល់សង្វាក់ផ្គត់ផ្គង់សកល។
លោក Lin បាននិយាយថាទីក្រុងប៉េកាំង ជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនគោរពច្បាប់ពហុភាគី ហើយប្រទេសចិនក៏នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។