មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងសាណា កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប និងតវ៉ាប្រឆាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសយេម៉ែន។
ទូរទស្សន៍ Al Masirah TV បានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែឥន្ធនៈក្នុងប្រទេសយេម៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់៨០នាក់ ជាការវាយប្រហារដ៏បង្ហូរឈាមបំផុត ចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ផ្តើមការវាយប្រហាររបស់ខ្លួនលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។
សហរដ្ឋអាមេរិក បានប្តេជ្ញាថានឹងមិនបញ្ឈប់ការវាយប្រហារទ្រង់ទ្រាយធំដែលបានចាប់ផ្តើមកាលពីខែមុននោះទេ នៅក្នុងប្រតិបត្តិការយោធាធំបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងក្នុងខែមករា លុះត្រាតែក្រុមក្រុមហ៊ួទី បញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម។
ទូរទស្សន៍ Al Masirah បាននិយាយថា មនុស្សចំនួន១២៦នាក់ បានរងរបួសនៅក្នុងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មេសា ទៅលើកំពង់ផែឥន្ធនៈនៅភាគខាងលិចទីក្រុង Ras Isa ដែលយោធាសហរដ្ឋអាមេរិកនិយាយថា មានគោលបំណងកាត់ផ្តាច់ប្រភពប្រេងឥន្ធនៈសម្រាប់ក្រុមសកម្មប្រយុទ្ធ ហ៊ួទី។