នាយនាវី ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រាប់ថា នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ០២គ្រឿង ត្រៀមចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ២០២៥ ។

លោកឧត្តមនាវីទោ បន្តថា នាវាទាំងពីរគ្រឿងនេះ គឺក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ និងកីឡា វប្បធម៌ ព្រមទាំងនឹងមានការធ្វើលំហាត់ល្បាតរួមគ្នា ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ ដែលដឹកនាំប្រតិភូដោយលោកវរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ ។ អំពីលក្ខណៈបច្ចេកទេសនាវាទាំងពីរ គឺទ១-នាវា ឈ្មោះ JS BUNGO (MST-464) មានបណ្តោយប្រវែង ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹកជាង ៥ម៉ែត្រ ទម្ងន់ផ្ទុកជាង ៥.០០០តោន នាវិកចំនួន ១៣៥នាក់ ដែលដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីទោ TANAKA KOUJI ។ និងទី២-នាវា ឈ្មោះ JS ETAJIMA (MSO-306) មានបណ្តោយប្រវែងជាង ៦០ម៉ែត្រ ទទឹងជាង ១០ម៉ែត្រ ជម្រៅទឹកជិត ៣ម៉ែត្រ ទម្ងន់ផ្ទុកជិត ៧០០តោន នាវិកជាង ៥០នាក់ ដែលដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីត្រី ODA TAKAYUKI ។
