នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ០២គ្រឿង Burgo និង Edajima) ចូលសំចតនៅកំពង់ផែកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ដែលស្ថិតក្នុងឃុំរាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គោលបំណងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ ផ្លាស់ប្ដូរបទពិសោធន៍ និងកីឡា វប្បធម៌ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ព្រមទាំង នឹងមានការធ្វើលំហាត់ល្បាតរួមគ្នា ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ។ ការបញ្ជូននាវាទាំងពីរគ្រឿងមកចូលចតនេះ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន រូមចំណែកដល់ការសម្រេចបាន នូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិ។
សូមបញ្ជាក់ថា អំពីលក្ខណៈបច្ចេកទេសនាវាទាំងពីរ គឺទ១-នាវា ឈ្មោះ JS BUNGO (MST-464) មានបណ្តោយប្រវែងជាង ១០០ម៉ែត្រ ទទឹងជាង ២០ម៉ែត្រ ជម្រៅទឹកជាង ៥ម៉ែត្រ ទម្ងន់ផ្ទុកជាង ៥.០០០តោន នាវិកជាង ១០០នាក់ ដែលដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីទោ TANAKA KOUJI ។ និងទី២-នាវា ឈ្មោះ JS EDAJIMA (MSO-306) មានបណ្តោយប្រវែងជាង ៦០ម៉ែត្រ ទទឹងជាង ១០ម៉ែត្រ ជម្រៅទឹកជិត ៣ម៉ែត្រ ទម្ងន់ផ្ទុកជិត ៧០០តោន នាវិកជាង ៥០នាក់ ដែលដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីត្រី ODA TAKAYUKI ។ នាវាទាំងពីរនេះ ដែលដឹកនាំប្រតិភូដោយ លោកវរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ ។








