កំពង់ឆ្នាំង៖ ក្រោយពីចុះពិនិត្យនៅចំណុចចាក់ដីចូលទន្លេសាប ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងក្រុមការងារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាអោយតំណាងក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញភ្លាមពីទន្លេទន្លេសាបអោយអស់ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះតទៅ ដោយសារសកម្មភាពនេះផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
តំណាងក្រុមហ៊ុនទឹកស្អាតទឹកស្អាត បានស្នើសុំអង្គប្រជុំទៅដើមសប្តាហ៍ក្រោយ ហើយអង្គប្រជុំបានសម្របសម្រួលអោយក្រុមហ៊ុនទឹកស្អាត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ត្រូវទៅចូលរួមប្រជុំលក្ខណៈបច្ចេកទេស នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ដោយឡែកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារនឹងចុះពិនិត្យទីតាំងជាក់ស្តែងម្តងទៀត ដើម្បីសម្រេចការសម្រួលលក្ខណៈបច្ចេកទេស។
ក្នុងអង្គប្រជុំនៅថ្ងៃនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប, ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ប្រធានមន្ទីរធនធានទឹកខេត្ត, ប្រធានមន្ទីរឧស្សាហកម្មខេត្ត, អាជ្ញាធរក្រុងកំពង់ឆ្នាំង, អាជ្ញាធរសង្កាត់ខ្សាម, និងតំណាងក្រុមហ៊ុនទឹកស្អាតចូលរួមផងដែរ៕ កាំង ហុងវាស្នា