ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា លោកបានបញ្ជាឲ្យកងកម្លាំងរបស់លោកបញ្ឈប់រាល់សកម្មភាពយោធាទាំងអស់នៅអ៊ុយក្រែន ពេលដែលរូបលោកប្រកាសបទឈប់បាញ់សម្រាប់ពិធីបុណ្យ Easter (ការរស់ឡើងវិញរបស់ព្រះយេស៊ូ)រហូតដល់ថ្ងៃអាទិត្យ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថា ទីក្រុងម៉ូស្គូនៅតែបន្តការវាយប្រហាររបស់ពួកគេដដែល ។
លោក Putin បាននិយាយថា បទឈប់បាញ់រយៈពេល ៣០ម៉ោង នឹងចូលជាធរមានរហូតដល់វេលាម៉ោង ២២ ម៉ោងសកលថ្ងៃអាទិត្យ (ត្រូវនឹងម៉ោង ១២យប់រលងអធ្រាត្រ ម៉ោងនៅទីក្រុងម៉ូស្គូ) ប៉ុន្តែលោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីត្រូវតែត្រៀមខ្លួនឆ្លើយតបរាល់លទ្ធភាពនៃការបំពានបទឈប់បាញ់ណាមួយ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelenskនិយាយថា ទីក្រុងគីវបានប្រកាន់ភ្ជាប់បទឈប់បាញ់ ប៉ុន្តែទីក្រុងម៉ូស្គូ គឺជាអ្នកបំពានបទឈប់បាញ់ខ្លួនឯង ។
លោកនិយាយថា ការប្រយុទ្ធគ្នានៅតែបន្តក្នុងតំបន់ Kursk និងតំបន់ Belgorod របស់រុស្ស៊ី ហើយយានដ្រូននៅតែប្រើប្រាស់ ប៉ុន្តែតំបន់មួយចំនួនទៀត មានសភាពស្ងប់ស្ងាត់ជាងមុន ។
សំឡេងស៊ីរ៉ែនវាយឆ្មក់តាមច្រកអាកាស បានបន្លឺឡើងកាលពីល្ងាចថ្ងៃសៅរ៍នៅទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែន រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក Putinប្រកាសបទឈប់បាញ់ឯកតោភាគីសម្រាប់ពិធីបុណ្យ Easter ៕