
ភ្នំពេញ៖ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គិតចាប់ពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះ ចំនួនរថយន្តមានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង។
រីឯចំនួនទោចក្រយានយន្តកើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់៥,២លានគ្រឿង។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បើប្រៀបធៀបអំពីសុខមាលភាពសាធារណៈ រវាងឆ្នាំ១៩៩៨ និងបច្ចុប្បន្ន អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺពី ៥៦ឆ្នាំ រហូតដល់ជាង ៧០ឆ្នាំ ដែលជាសូចនាករមួយ បង្ហាញឱ្យឃើញភាពប្រសើរឡើង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា កំណើនការអភិវឌ្ឍន៍ និងភាពល្អប្រសើរទាំងនេះ គឺបណ្តាលមកពីមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព ដែលបានផ្តល់ឱកាសឲ្យរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីការបន្តអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អាទិភាពសំខាន់ៗមួយចំនួន រួមមាន គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ខេត្តសៀមរាប ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផ្លូវក្រវាត់ក្រុងទី៣ រួមទាំងគម្រោងដែលកំពុងត្រៀមអនុវត្តសំខាន់ៗ មួយចំនួនទៀត រួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ស្ពានឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គម្រោងសាងសង់ផ្លូវជាតិ តភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប និងផ្លូវជាតិតភ្ជាប់ ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ (ផ្លូវជាតិលេខ៥០C) ក្នុងដំណើរការត្រៀមស្តារសេដ្ឋកិច្ចឡើងវិញផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី