ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ រាយការណ៍ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឯកភាពគ្នាចូលរួមជុំមួយទៀតនៃកិច្ចប្រជុំរបស់របស់ពួកគេនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាលើបញ្ហាមហិច្ឆិតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ស្របពេលដែលពួកគេបញ្ចប់ជុំទី ២នៃកិច្ចចរចាក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ពាក់ព័ន្ធនឹងភាពទាល់ច្រកអស់រយៈពេលច្រើនទសវត្សរ៍របស់ពួកគេ ។
ក្រុមមន្រ្តីអ៊ីរ៉ង់និយាយថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និងប្រេសិតពិសេសប្រចាំតំបន់មជ្ឈិមបូព៌ារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺលោក Steve Witkoff បានចរចាដោយប្រយោលតាមរយៈក្រុមមន្រ្តីអូម៉ង់ដែលនាំសាររវាងភាគីទាំង ២ រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយជុំដំបូងនៃកិច្ចប្រជុំដោយប្រយោលរបស់ពួកគេនៅទីក្រុង Muscat ប្រទេសអូម៉ង់ ដែលភាគីទាំង ២ចាត់ទុកថាជាកិច្ចប្រជុំមានលក្ខណៈស្ថាបនា ។
លោក Araqchi និងលោក Witkoff បានឆ្លងឆ្លើយមួយភ្លែតនៅដំណាច់កិច្ចប្រជុំជុំទី ១ ប៉ុន្តែក្រុមមន្រ្តីមកពីប្រទេសទាំង ២ ពុំដែលមានកិច្ចប្រជុំផ្ទាល់នោះទេ ចាប់តាំងពីកិច្ចប្រជុំឆ្នាំ ២០១៥ ក្រោមអតីតរដ្ឋបាលរបស់លោកប្រធានាធិបតី Barack Obama ។
នៅក្នុងជំនួបជាមួយសមភាគីអ៊ីតាលីមុនកិច្ចប្រជុំនេះ លោក Araqchi និយាយថា អ៊ីរ៉ង់តែងតែប្តេជ្ញាចិត្តចំពោះវិស័យការទូត ហើយលោកបានអំពាវនាវឲ្យភាគីពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ ត្រូវតែចេះក្តោបក្តាប់ឱកាស ដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរសមហេតុសមផល ៕