កាលពីថ្ងៃសៅរ៍ម្សិលមិញ អ៊ុយក្រែន និងរុស្ស៊ី បានដោះដូរឈ្លើយសឹកជាង ៥០០នាក់ ដែលជាការដោះដូរលើកចុងក្រោយ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកពេញបន្ទុករបស់ពួកគេកាលពីរយៈពេលជាង ៣ឆ្នាំមុន ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegram ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ឈ្លើយសឹកអ៊ុយក្រែន ២២៧នាក់ បានវិលត្រឡប់មកផ្ទះវិញ ពីការចាប់ខ្លួនរបស់រុស្ស៊ី ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ឈ្លើយសឹករុស្ស៊ី ២៤៦នាក់ ត្រូវបានប្រគល់ឲ្យមកវិញដោយទីក្រុងគីវ ។ ពួកគេបន្តថា អ្នកទោសរងរបួស ៣១នាក់បន្ថែមទៀត ត្រូវបានប្រគល់ឲ្យអ៊ុយក្រែន ហើយអ្នកទោសរងរបួសរបស់ពួកគេ ១៥នាក់ ក៏ត្រូវបានប្រគល់ឲ្យផងដែរដោយទីក្រុងគីវ ។
លោក Zelenskiy និយាយថា ជនជាតិអ៊ុយក្រែនសរុប ៤.៥៥២នាក់ រួមទាំងទាហាន និងជនស៊ីវិល ត្រូវបានប្រគល់ឲ្យមកវិញ ចាប់តាំងពីការចាប់ផ្តើមវាយប្រហាររបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
ភាគីទាំង ២ បានថ្លែងអំណរគុណដល់ប្រទេសអារ៉ាប់រួម សម្រាប់ការជួយរៀបចំការដោះដូរឈ្លើយសឹកនេះ ៕