យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ប៉ាគីស្ថាន បាននិរទេសពលរដ្ឋអាហ្វហ្គានីស្ថានជាង ១៩.៥០០នាក់ក្នុងខែនេះ ដែលស្ថិតក្នុងចំណោមពលរដ្ឋជាង ៨ម៉ឺននាក់ ដែលបានចាកចេញពីប្រទេសរបស់ពួកគេ មុនឱសានវាទថ្ងៃទី ៣០ ខែមេសា ។
ប៉ាគីស្ថានបានពន្លឿនកិច្ចខិតខំរបស់ខ្លួនក្នុងការបណ្តេញពលរដ្ឋអាហ្វហ្គានីស្ថានគ្មានឯកសារដែលទទួលបានការអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្ន ដោយពួកគេលើកលែងថា ពួកគេលែងអាចទ្រាំបានទៀតហើយ ។
ក្រុមមន្រ្តីតាលីបង់និយាយថា ពលរដ្ឋអាហ្វហ្គានីស្ថានចន្លោះពី ៧០០ ទៅ ៨០០គ្រួសារ ត្រូវបាននិរទេសជារៀងរាល់ថ្ងៃ ក្នុងនោះពលរដ្ឋរហូតដល់ ២លាននាក់ ត្រូវបានគេរំពឹងថានឹងត្រូវនិរទេសបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ។
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Ishaq Dar បានធ្វើដំណើរទៅកាន់ទីក្រុងកាប៊ុល សម្រាប់កិច្ចប្រជុំជាមួយក្រុមមន្រ្តីតាលីបង់ ខណៈដែលសមភាគីរបស់គាត់ គឺលោក Amir Khan Muttaqi បានបង្ហាញក្តីបារម្ភជាខ្លាំងចំពោះការនិទេសខ្លួននេះ ។
ពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួនដែលត្រូវបានបណ្តេញចេញបាននិយាយនៅព្រំដែនថា ពួកគេបានកើតនៅក្នុងប្រទេសប៉ាគីស្ថាន ក្រោយគ្រួសាររបស់ពួកគេរត់ភៀសខ្លួនគេចចេញពីជម្លោះ ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារជនភៀសខ្លួន UN បានឲ្យដឹងថា ពលរដ្ឋអាហ្វហ្គានីស្ថានជាង ៣,៥លាននាក់ កំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងពលរដ្ឋ ៧០ម៉ឺននាក់ ដែលបានរត់ភៀសខ្លួន ក្រោយការដណ្តើមគ្រប់គ្រងអំណាចរបស់ក្រុមតាលីបង់ កាលពីឆ្នាំ ២០២១ ៕