អង្គុយនៅក្នុងចំណោមម្តាយៗ និងកូនៗ ក្រោមកម្តៅថ្ងៃដ៏ក្តៅខ្លាំង អ្នកស្រី Najlaa Ahmed បាននិយាយរៀបរាប់ពីពេលដែលកងកម្លាំងគាំទ្ររហ័ស(RSF) វាយប្រហារជំរំជនភៀសខ្លួន Zamzam ស្ថិតក្នុងតំបន់ Darfurប្រទេសស៊ូដង់ ។
អ្នកស្រីនិយាយថា កងកម្លាំងមួយនេះ បានលួចទ្រព្យសម្បត្តិ ដុតកម្ទេចផ្ទះសម្បែង និងប្រហារជីវិតមនុស្សដោយឥតញញើតដៃ ពេលដែលពួកគេវាយប្រហារជំរំ ។
អ្នកស្រី Najlaa ពុំបានដឹងថាគ្រួសាររបស់គាត់ទៅទីណានោះទេ ពេលដែលអ្នកស្រីរត់ភៀសខ្លួន ។ អ្នកស្រីនិយាយថា គាត់មិនដឹងថា ម្តាយរបស់គាត់ ឪពុករបស់គាត់ និងកូនៗរបស់គាត់ទៅទីណានោះទេ ។ គាត់បានជម្លៀសខ្លួនមកកាន់ទីនេះជាមួយអ្នកមិនស្គាល់គ្នា ។
អ្នកស្រី Najlaa ស្ថិតក្នុងចំណោមអ្នករស់រាន ៦នាក់ទៀត ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីការកាប់សម្លាប់ និងការដុតកម្ទេចផ្ទះសម្បែង អំឡុងការវាយឆ្មក់របស់កងកម្លាំង RSF ។
កងកម្លាំង RSF ដែលកំពុងធ្វើសង្រ្គាមជាមួយកងទ័ពស៊ូដង់អស់រយៈពេល ២ឆ្នាំមកហើយនោះ ដណ្តើមបានគ្រប់គ្រងជំរំដ៏ធំមួយនៅតំបន់ North Darfur កាលពីរយៈពេល ១សប្តាហ៍មុន នៅក្នុងការវាយប្រហារមួយដែលអង្គការសហប្រជាជាតិ(UN) និយាយថា មនុស្សយ៉ាងហោច ៣០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤០ម៉ឺននាក់ផ្សេងទៀត បង្ខំចិត្តរត់ភៀសខ្លួន ។
កងកម្លាំង RSF ពុំបានឆ្លើយតបនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយជុំវិញការលើកឡើងបែបនេះ ប៉ុន្តែពួកគេធ្លាប់បានច្រានចោលរាល់ការចោទព្រកាន់ពីអំពើឃោឃៅ ដោយពួកគេនិយាយថា ជំរំភៀសខ្លួន ត្រូវបានប្រើប្រាស់ជាមូលដ្ឋានរបស់ងកម្លាំងភក្តីភាពចំពោះកងទ័ពស៊ូដង់ ។
ក្រុមមនុស្សធម៌ បានបរិហារការវាយឆ្មក់នេះថាជាការវាយប្រហារមានគោលដៅលើជនស៊ីវលដែលបានប្រឈមនឹងគ្រោះទុរ្ភិក្សរួចទៅហើយ ៕