ឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានជំរុញទីក្រុងវ៉ាស៊ីនតោន ឱ្យស្វែងរកចំណុចរួមគ្នាជាមួយទីក្រុងប៉េកាំង និងបន្តសន្តិសហវិជ្ជមាន ឬការរួមរស់នឹងគ្នាដោយសន្តិភាព ខណៈព្រមានថា ចិនក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីតតាំង និងសងសឹកក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើនឡើងនេះ។
ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ (១៩ មេសា) និងមានព័ត៌មានលម្អិតត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន លោក Xie បានលើកឡើងថា ការដំឡើងពន្ធនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងទាក់ទាញការកើតឡើងស្របគ្នារវាងវិបត្តិសេដ្ឋកិច្ចដ៏ធំ និងពន្ធ ដែលដាក់ដោយអាមេរិក ដូចក្នុងឆ្នាំ១៩៣០។

លោក Xie បន្តថា ភាពសុខដុមរមនាគួរតែនាំមុខក្នុងទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់សកលលោក។ លោកបន្ថែមថា ទោះយ៉ាងណាក៏ដោយ ចិនត្រៀមខ្លួនតតាំងជានិច្ច។
គួរឱ្យដឹងថា សង្គ្រាមពន្ធបានប៉ះពាល់ពាណិជ្ជកម្មដ៏ធំសម្បើមរវាងប្រទេសទាំងពីរ ជាមួយនឹងពន្ធលើសពី ១០០% ក្នុងទិសដៅនីមួយៗ ព្រមទាំងការរឹតបន្តឹងនានាលើពាណិជ្ជកម្ម ការវិនិយោគ និងវប្បធម៌ជាដើម។
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា អាមេរិកកំពុងមានការសន្ទនាដ៏ល្អជាលក្ខណៈឯកជនជាមួយចិន ស្របពេលសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ចិនបាននិយាយរួចហើយថា អាមេរិកគួរតែបង្ហាញការគោរព មុនពេលកិច្ចចរចាពាណិជ្ជកម្មអាចកើតឡើង៕

