ប៉ុស្តិ៍ទូរទស្សន៍ Al Masirah ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធហ៊ួទី បាននិយាយថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសចំនួន ១៣លើកជាថ្មីម្ដងទៀត លើកំពង់ផែ និងអាកាសយានដ្ឋាន Hodeidah រយៈពេល ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវាយប្រហារតាមអាកាសលើកមុនរបស់អាមេរិក បានដាក់គោលដៅលើកំពង់ផែ Ras Isa និងនៅក្នុងទីក្រុង Hodeidah ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨០នាក់ និងរបួសជាង ១៥០នាក់។

ទូរទស្សន៍ Al Masirah ក៏បានរាយការណ៍កាលពីថ្ងៃសៅរ៍ (១៩ មេសា) ថា មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់របួស ដោយសារតែការវាយប្រហារថ្មីរបស់អាមេរិក លើតំបន់ al-Thawra, Bani Matar និង al-Safiah ក្នុងរដ្ឋធានីសាណា។ ក្រុមហ៊ួទី បានសន្យាថា នឹងអនុវត្ត "ប្រតិបត្តិការបន្ថែមទៀត" ទោះបីជាការវាយប្រហាររបស់អាមេរិកកំពុងបន្តក៏ដោយ។
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសបើកការវាយលុកយោធាដ៏ធំមួយប្រឆាំងនឹងក្រុមហ៊ួទី ប៉ុន្មានសប្តាហ៍មុន ដោយមានគោលបំណងបង្ខំក្រុមសកម្មប្រយុទ្ធនេះ ឱ្យបញ្ឈប់ការគំរាមកំហែងលើនាវា ដែលធ្វើដំណើរលើផ្លូវទឹកនៅសមុទ្រក្រហមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មក ក្រុមនេះត្រូវរាយការណ៍ថាបានបើកការវាយប្រហារច្រើនជាង ១០០លើក លើនាវាដែលខ្លួនអះអាងថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា និងនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន៕

