អភិបាលក្រុង Hyacinth Alia របស់ប្រទេសនីហ៊្សេរីយ៉ា បាននិយាយកាលពីថ្ងៃសៅរ៍ (១៩ មេសា) ថា អ្នកគង្វាលសត្វគោមួយក្រុម ត្រូវគេសង្ស័យថាបានបើកការវាយប្រហារទៅលើសហគមន៍ជាច្រើននៅរដ្ឋ Benue ភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា ដោយសម្លាប់មនុស្សយ៉ាងតិច ៥៦នាក់ ដែលគូសបញ្ជាក់ពីការងើបឡើងវិញនៃការប៉ះទង្គិចដ៏បង្ហូរឈាមបែបនេះ នៅក្នុងប្រទេសមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីអភិបាលក្រុង ដែលបង្ហាញតួលេខអ្នកស្លាប់នេះ ខណៈពេលចុះទៅពិនិត្យភូមិនានាក្នុងតំបន់ LGA ដែលត្រូវបានវាយប្រហារ។ នគរបាលបានដាក់តួលេខអ្នកស្លាប់កាលពីមុនថាមានតែ ១៧នាក់ ប៉ុណ្ណោះ។

គួរឱ្យដឹងថា ការប៉ះទង្គិចគ្នាជាច្រើនឆ្នាំនៅតំបន់នោះរវាងកសិករ និងក្រុមអ្នកគង្វាល បានបង្អាក់ការផ្គត់ផ្គង់ស្បៀងអាហារពីតំបន់កណ្ដាលភាគខាងជើងរបស់នីហ៊្សេរីយ៉ា ដែលជាតំបន់កសិកម្មដ៏សំខាន់មួយ។
យោងតាមស្ថាប័នស្រាវជ្រាវ SBM Intelligence បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មក ការប៉ះទង្គិចគ្នាបែបនេះបានឆក់យកជីវិតមនុស្សជាង ៥០០នាក់នៅក្នុងតំបន់នោះ និងបានបង្ខំឱ្យមនុស្ស ២,២លាននាក់ឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕

