ក្រសួងសុខាភិបាលនៃដែនដីប៉ាឡេស្ទីន ហ្កាហ្សា បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណជិត ១០០នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប ដ៏តូចចង្អៀត ក្នុងរយៈពេលត្រឹមតែពីរថ្ងៃកន្លងមកនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ (១៩ មេសា) ថា ការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃទី១៧-១៩ ខែមេសា បានសម្លាប់មនុស្សយ៉ាងតិច ៩២នាក់ និងជាង ២០០នាក់ផ្សេងទៀតរងរបួស ដោយមនុស្សរាប់សិបនាក់ទៀតនៅតែជាប់នៅក្រោមគំនរបាក់បែក ឬនៅតំបន់ដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់បាន។

ការកើនឡើងនៃការបង្ហូរឈាមនេះ កើតឡើងនៅពេលអ៊ីស្រាអែល បន្តដាក់សម្ពាធលើក្រុមហាម៉ាស ដោយរារាំងជំនួយរយៈពេល ៦សប្តាហ៍មកហើយ និងទាមទារឱ្យក្រុមហាម៉ាស ទម្លាក់អាវុធ មុនពេលបទឈប់បាញ់ណាមួយអាចត្រូវបានយល់ព្រម។ ក្រុមប្រដាប់អាវុធនេះបានបដិសេធទាំងស្រុងនូវការទាមទាររបស់អ៊ីស្រាអែល ហើយទទូចថា បទឈប់បាញ់ជាអចិន្ត្រៃយ៍ត្រូវតែជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយ។
បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនឡើងវិញនៅថ្ងៃទី១៨ ខែមីនា ក្រោយបទឈប់បាញ់រយៈពេលខ្លីមួយ អ៊ីស្រាអែលបានសន្យាថា នឹងបង្កើនសង្រ្គាម ១៨ខែរបស់ខ្លួននៅលើតំបន់ហ្កាហ្សា និងកាន់កាប់ "តំបន់សន្តិសុខ" ដ៏ធំនៅខាងក្នុងដែនដីហ៊ុមព័ទ្ធនេះ។
ចាប់តាំងពីថ្ងៃទី០២ ខែមីនា មក អ៊ីស្រាអែលក៏បានបិទច្រកចូលស្បៀងអាហារ ប្រេងឥន្ធនៈ និងជំនួយទៅក្នុងដែនដីហ្កាហ្សា ដោយប្រឆាំងនឹងដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលត្រូវតែអនុញ្ញាតឱ្យក្រុមមនុស្សធម៌ចូលទៅកាន់ទឹកដីឆ្នេរសមុទ្រដ៏តូចចង្អៀតនោះ។ ក្រុមជំនួយព្រមានថាស្បៀងអាហារនៅក្នុងហ្កាហ្សា ជិតអស់ហើយ ដែលអាចបង្កើនភាពធ្ងន់ធ្ងរនៃវិបត្តិមនុស្សធម៌ដ៏អាក្រក់របស់តំបន់នេះ៕


