ទឹកជំនន់យ៉ាងគំហុក ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ថ្ងៃសៅរ៍ (១៩ មេសា) បានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងភូមិ Dharamkund ក្បែរទន្លេ Chenab ក្នុងតំបន់ Jammu និងស្រុក Ramban នៃតំបន់ Kashmir នៅភាគខាងជើងប្រទេសឥណ្ឌា ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច ៣នាក់ និងមនុស្សម្នាក់បាត់ខ្លួន ខណៈអ្នកជាប់ខ្លួនរាប់រយនាក់ទៀតត្រូវជួយសង្រ្គោះ។
គ្រោះធម្មជាតិ អមដោយបំណាក់ដី ព្យុះភ្លៀង និងខ្យល់បក់បោកយ៉ាងខ្លាំងនេះ បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ធ្វើឱ្យមនុស្សរាប់សិបគ្រួសារត្រូវជម្លៀសខ្លួនទៅទីទួលសុវត្ថិភាព និងបិទផ្លូវជាតិជាច្រើនកន្លែង។

យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កម្រិតទឹកនៅក្នុងភូមិមួយកន្លែងនៅតំបន់រងគ្រោះបានហក់ឡើងយ៉ាងខ្លាំង ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរ ដោយប្រែទៅជាទឹកជំនន់យ៉ាងគំហុក ដែលបានហូរកាត់ភូមិ Dharamkund ក្បែរស្ពាន Chenab។ លំនៅឋានយ៉ាងតិច ១០ខ្នងត្រូវបានបំផ្លាញទាំងស្រុង ខណៈ ២៥ ទៅ ៣០ខ្នងទៀតរងការខូចខាតដោយផ្នែក។
ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅតែបន្តកើតមានពាសពេញទីក្រុង Ramban ជាមួយនឹងរូបភាពផ្ទះសម្បែងដែលរងការខូចខាត ផ្លូវបាក់ស្រុត និងរថយន្តដែលជាប់គាំង ដោយនេះបង្ហាញពីភាពបន្ទាន់នៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ អាជ្ញាធរនិយាយថា ប្រតិបត្តិការសង្គ្រោះកំពុងដំណើរការនៅឡើយ ហើយការងារស្តារឡើងវិញនៅលើផ្លូវហាយវេ និងហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ នឹងចាប់ផ្តើមនៅពេលអាកាសធាតុល្អឡើងវិញ៕

