ប្រជាជនអាមេរិកជាង ៣០លាននាក់ កំពុងតែស្ថិតក្នុងការព្រមានឱ្យប្រុងប្រយ័ត្នចំពោះព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនៅចុងសប្តាហ៍បុណ្យអ៊ីស្ទើរ (Easter) នេះ ខណៈដែលរដ្ឋមួយចំនួននៅតំបន់ Heartland ត្រូវបានវាយប្រហារដោយខ្យល់ព្យុះកួច សំណុំទឹកកក និងខ្យល់បោកបក់យ៉ាងគ្រោះថ្នាក់។
ការិយាល័យសេវាអាកាសធាតុជាតិនៅទីក្រុង Omaha រដ្ឋ Nebraska បានបញ្ជាក់ពីព្យុះកួច ៥ករណី នៅក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍ និងជាច្រើនករណីនៅកន្លែងផ្សេងទៀតទូទាំងសហរដ្ឋអាមេរិក ដោយព្យុះកម្លាំងខ្លាំងបំផុតកើតឡើងនៅផ្នែកខ្លះនៃតំបន់ Douglas ភាគខាងជើង និងតំបន់ Washington ភាគអាគ្នេយ៍។

ជុំបន្ទាប់នៃផ្គររន្ទះខ្លាំងក្លាបានចាប់ផ្តើមកើតឡើងនៅល្ងាចថ្ងៃសៅរ៍ (១៩ មេសា) ឆ្លងកាត់ផ្នែកខ្លះនៃវាលទំនាបភាគខាងត្បូង ចាប់ពីភាគខាងជើងរដ្ឋ Texas ទៅដល់រដ្ឋ Oklahoma ដែលមានរយៈពេលពេញមួយយប់។ គ្រោះថ្នាក់ចម្បងពីផ្គររន្ទះដ៏ខ្លាំង ដែលអូសបន្លាយពីថ្ងៃសៅរ៍ ដល់ពេលយប់នោះ គឺខ្យល់កន្ត្រាក់ និងសំណុំទឹកកកធំៗ។
ការគំរាមកំហែងនៃព្យុះនេះនឹងកើនឡើងខ្លាំង ជាមួយនឹងព្យុះផ្គររន្ទះខ្លាំងពេញមួយយប់ ដែលបក់បោកពាសពេញរដ្ឋមួយចំនួន ហើយភ្លៀងធ្លាក់ខ្លាំងកំពុងរីករាលដាល ខណៈអាជ្ញាធរព្រមានពលរដ្ឋរាប់សិបលាននាក់ឱ្យប្រុងប្រយ័ត្ន ជាពិសេសនៅចុងសប្ដាហ៍នៃបុណ្យ Easter នេះ ដោយមនុស្សម្នាសម្រុកធ្វើដំណើរកម្សាន្តពាសពេញសហរដ្ឋអាមេរិក៕

