ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រ (១៨ មេសា) ថា ពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់នៅតែស្ថិតក្នុងវិបត្តិ ច្រើនសប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់ ដែលវាយប្រហារភាគកណ្តាលនៃប្រទេស កាលពីថ្ងៃទី២៨ ខែមីនា ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣.៧០០នាក់ បង្ករបួស ៤.៨០០នាក់ទៀត និងមនុស្ស ១២៩នាក់នៅតែបាត់ខ្លួន។

ក្រុមមនុស្សធម៌និយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ ដោយសារការរាយការណ៍មិនគ្រប់គ្រាន់ និងបញ្ហាប្រឈមក្នុងការប្រមូលទិន្នន័យ និងការផ្ទៀងផ្ទាត់។ ជាមួយគ្នានេះ ក្រុមគ្រួសាររាប់ពាន់នាក់នៅមីយ៉ាន់ម៉ា នៅតែពុំមានទីជម្រក ទឹក ឬការថែទាំសុខភាព រយៈពេល ៣សប្តាហ៍បន្ទាប់ពីរញ្ជួយដីដ៏កាចសាហាវ ខណៈការរញ្ជួយបន្តបន្ទាប់ជាញឹកញាប់ បានធ្វើឱ្យសហគមន៍កាន់តែលំបាន ខណៈកំពុងរងទុក្ខវេទនាដោយជម្លោះ និងភាពក្រីក្ររួចទៅហើយ។
រញ្ជួយដីបន្តបន្ទាប់ច្រើនជាង ១៤០លើក ដែលខ្លះមានកម្រិតដល់ទៅ ៥,៩រ៉ិចទ័រ បានអង្រួនតំបន់រងគ្រោះនៅមីយ៉ាម៉ា ចាប់តាំងពីការរញ្ជួយដ៏ធំដំបូងមក ដែលធ្វើឱ្យអ្នកស្រុករងគ្រោះផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ ជាពិសេសទៅលើកុមារ និងក្រុមគ្រួសារដែលជម្លៀសខ្លួន នេះបើតាមព្រឹត្តិបត្រចេញដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) កាលពីថ្ងៃសុក្រ។
OCHA បន្ថែមថា មនុស្សជាង ៤,៣លាននាក់ ត្រូវការទឹកស្អាត និងអនាម័យជាបន្ទាន់ ដោយសាររញ្ជួយដីបានបំផ្លាញប្រព័ន្ធទឹក និងបង្គន់អនាម័យជាង ៤២.០០០កន្លែង និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ដែលធ្វើឱ្យការបូមទឹកនៅក្នុងតំបន់ជាច្រើនត្រូវផ្អាក ខណៈអ្នកស្រុកនៅតែត្រូវជំនួយជាចាំបាច់៕

