រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក លើការវាយប្រហាររាប់ពាន់ដង ដែលរំលោភបំពានលើបទឈប់បាញ់បុណ្យ Easter រយៈពេលមួយថ្ងៃ ដែលប្រកាសដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ខណៈវិមានក្រឹមឡាំង បាននិយាយថា មិនមានក្រឹត្យឱ្យបន្តការផ្អាកប្រយុទ្ធនៅជួរមុខនេះទេ។

ទីក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួននឹងស្វាគមន៍ការបន្តបទឈប់បាញ់ ហើយប្រធានាធិបតីអុយក្រែន លោក Volodymyr Zelenskiy បានរំលឹកឡើងវិញជាច្រើនដងអំពីឆន្ទៈរបស់ទីក្រុងគីវ ក្នុងការបន្តផ្អាកការវាយប្រហាររយៈពេល ៣០ថ្ងៃនៅក្នុងសង្គ្រាម។

ប៉ុន្តែលោក Putin ដែលបានបញ្ជូនទាហានរុស្ស៊ីរាប់ពាន់នាក់ចូលទៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយដែលបានបញ្ជាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ឱ្យបញ្ឈប់រាល់សកម្មភាពយោធានៅតាមជួរមុខរហូតដល់ពាក់កណ្តាលអធ្រាត្រម៉ោងនៅទីក្រុងមូស្គូ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ មិនបានចេញបញ្ជាឱ្យបន្តបទឈប់បាញ់នេះទេ។

លោក Zelenskiy នៅព្រឹកថ្ងៃចន្ទ (២១ មេសា) នេះបានលើកឡើងថា កងកម្លាំងអ៊ុយក្រែន បានរាយការណ៍អំពីការរំលោភបំពានជិត ៣.០០០ដង នៃពាក្យសន្យាបទឈប់បាញ់ដោយផ្ទាល់របស់រុស្ស៊ី ដោយបន្ថែមថា កងកម្លាំងគីវ ត្រូវបានណែនាំឱ្យវាយបកទៅលើសកម្មភាពរបស់កងទ័ពរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បានចោទបកទៅវិញថា អ៊ុយក្រែនទេដែលជាអ្នកបំពានការផ្អាកប្រយុទ្ធនោះ ដោយបានរំលោទបទឈប់បាញ់ច្រើនជាង ១.០០០ដង ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឱ្យជនស៊ីវិលស្លាប់ជាច្រើន៕