ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃចន្ទ (២១ មេសា) នេះថា ទីក្រុងប៉េកាំង គោរពឆន្ទៈគ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការពិគ្រោះយោបល់លើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែខ្លួននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះភាគីណាមួយ ដែលធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ដោយបង្កផលប៉ះពាល់ដល់ប្រទេសចិន។

ក្រសួងបាននិយាយថា ចិន "នឹងចាត់វិធានការតបតវិញក្នុងលក្ខណៈម៉ឺងម៉ាត់ និងទៅវិញទៅមក" ប្រសិនបើប្រទេសណាមួយធ្វើកិច្ចព្រមព្រៀងបែបនេះ ដោយលើកឡើងពីព័ត៌មានដែលរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កំពុងរៀបចំដាក់សម្ពាធលើប្រទេសផ្សេងទៀតឱ្យរឹតត្បិតពាណិជ្ជកម្មជាមួយចិន ជាថ្នូរនឹងការលើកលែងពន្ធពីអាមេរិក។

ក្រសួងបន្តថា ប្រទេសចិន ប្តេជ្ញា និងមានសមត្ថភាពការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ គួរឱ្យដឹងថា សង្គ្រាមពន្ធបានប៉ះពាល់ពាណិជ្ជកម្មដ៏ធំសម្បើមរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ជាមួយនឹងពន្ធលើសពី ១០០% ក្នុងទិសដៅនីមួយៗ និងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការរឹតបន្តឹងវប្បធម៌ជាដើម។

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា អាមេរិកកំពុងមានការសន្ទនាដ៏ល្អលក្ខណៈឯកជនជាមួយចិន ស្របពេលសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ចិនបាននិយាយរួចហើយថា អាមេរិកគួរតែបង្ហាញការគោរព មុនពេលកិច្ចចរចាពាណិជ្ជកម្មអាចកើតឡើង៕