សម្ព័ន្ធរបស់ក្រុមអាល់កៃដា ឈ្មោះថា JNIM បាននិយាយថា ខ្លួនបានសម្លាប់ទាហាន ៧០នាក់ នៅក្នុងការវាយឆ្មក់លើប៉ុស្តិ៍យោធាពីរកន្លែងនៅភាគខាងជើងប្រទេសបេណាំង ដែលជាចំនួនអ្នកស្លាប់ដ៏ធំបំផុតដែលត្រូវបានអះអាងដោយពួកសកម្មប្រយុទ្ធនៅប្រទេសនេះ ក្នុងពេលជាងមួយទសវត្សរ៍នៃសកម្មភាពបះបោរនៅអាហ្វ្រិកខាងលិច នេះបើតាមការលើកឡើងរបស់ស្ថាប័នតាមដានសកម្មភាពក្រុមប្រដាប់អាវុធ SITE Intelligence Group កាលពីថ្ងៃសៅរ៍ (១៩ មេសា)។

រដ្ឋអាហ្រ្វិកខាងលិចមួយនេះ និងប្រទេសជិតខាងឆ្នេរសមុទ្រ តូហ្គោ បានរងការវាយប្រហារជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗ ខណៈក្រុមដែលមានទំនាក់ទំនងជាមួយពួករដ្ឋអ៊ីស្លាម និងអាល់កៃដា បានពង្រីកវត្តមានរបស់ពួកគេលើសពីតំបន់សាហែល ទៅភាគខាងជើង។
អ្នកនាំពាក្យកងទ័ពរបស់បេណាំង មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញការវាយប្រហារនោះទេ។

ទីភ្នាក់ងារ SITE បានដកស្រង់សេចក្តីថ្លែងការណ៍មួយដោយ ក្រុមប្រដាប់អាវុធ JNIM ដែលនិយាយថា ទាហាន ៧០នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារលើប៉ុស្តិ៍យោធាពីរកន្លែងនៅក្នុងខេត្ត Kandi ភាគឦសានបេណាំង ក្នុងតំបន់ Alibori ចម្ងាយជាង ៥០០គីឡូម៉ែត្រ ពីក្រុង Cotonou។
គួរឱ្យដឹងថា ការបះបោរនៅតំបន់សាហែលអាហ្រ្វិក បានចាក់ឫស បន្ទាប់ពីការបះបោរ Tuareg នៅភាគខាងជើងប្រទេសម៉ាលី ក្នុងឆ្នាំ២០១២ ហើយបានរីករាលដាលទៅកាន់ប្រទេសជិតខាង បួគីណាហ្វាសូ និង នីហ្សេ មុនពេលឈានដល់ភាគខាងជើងនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ដូចជា បេណាំង ជាដើមនាពេលថ្មីៗនេះ៕