កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២០ មេសា) ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចែករំលែកជាលើកទីពីរនូវព័ត៌មានលម្អិតដ៏រសើបនៃការវាយប្រហារក្នុងខែមីនា លើក្រុមហ៊ួទីរបស់យេម៉ែន ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ នៅក្នុងក្រុមសារជជែក Signal ដែលរួមមានភរិយា បងប្រុស និងមេធាវីផ្ទាល់ខ្លួនរបស់លោក។

គួររម្លឹកថា លោក Hegseth ត្រូវចោទថាបានចែករំលែកព័ត៌មានលម្អិតដូចគ្នានេះនៃការវាយប្រហារកាលពីខែមុន ដែលត្រូវលាតត្រដាងដោយទស្សនាវដ្តី The Atlantic បន្ទាប់ពីនិពន្ធនាយករបស់ខ្លួនគឺលោក Jeffrey Goldberg ត្រូវបានដាក់បញ្ចូលដោយច្រឡំទៅក្នុងក្រុមជជែកដាច់ដោយឡែកមួយផ្សេងទៀតនៅលើកម្មវិធី Signal ដែលជាឧប្បត្តិហេតុដ៏អាម៉ាស់មួយពាក់ព័ន្ធនឹងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់បំផុតរបស់លោកប្រធានាធិបតី Donald Trump ទាំងអស់។

កាសែត New York Times បានដកស្រង់ប្រភព៤ ដែលដឹងពីក្រុមសារនោះ ដោយនិយាយថា សារដ៏រសើបជាលើកទីពីរនោះ រួមបញ្ចូលព័ត៌មានលម្អិតកាលវិភាគនៃការវាយប្រហារតាមអាកាសលើក្រុមហ៊ួទី នៅយេម៉ែន។ កាសែត Wall Street Journal បានរាយការណ៍ដាច់ដោយឡែកពីគ្នាថា ភរិយារបស់លោក Hegseth ឈ្មោះលោកស្រី Jennifer ដែលជាអតីតផលិតករទូរទស្សន៍ Fox News ក៏ត្រូវគេរាយការណ៍ថា បានចូលរួមកិច្ចប្រជុំដ៏រសើបជាច្រើនជាមួយសមភាគីយោធាបរទេសផងដែរ ។

ការបើកបង្ហាញពីការប្រើប្រាស់កម្មវិធីផ្ញើសារ Signal សម្រាប់ព័ត៌មានរសើបជាលើកទីពីរនេះ បានចោទជាសំណួរបន្ថែមទៀតពីការប្រើប្រាស់ប្រព័ន្ធផ្ញើសារមិនមានសុវត្ថិភាពរបស់ប្រមុខការពារជាតិអាមេរិក ក្នុងការចែករំលែកព័ត៌មានលម្អិតសន្តិសុខ ដែលមានលក្ខណៈរសើបខ្លាំង ហើយត្រូវបានមន្រ្តីជាច្រើនចាត់ទុកថាជារឿងសម្ងាត់៕