ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញក្តីសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយលើកឡើងថា ប្រទេសទាំងពីរអាចងាកមកចាប់អារម្មណ៍លើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកវិញ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Trump និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដែលបានគំរាមថាទីក្រុងវ៉ាស៊ីនតោនអាចនឹងបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន លុះត្រាតែមានការរីកចម្រើនជាក់ស្តែង។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកកាលពីថ្ងៃអាទិត្យថា សង្ឃឹមថារុស្ស៊ី និង អ៊ុយក្រែន នឹងធ្វើកិច្ចព្រមព្រៀងមួយសប្តាហ៍នេះ។បន្ទាប់មកប្រទេសទាំងពីរនឹងចាប់ផ្តើមធ្វើជំនួញធំជាមួយសហរដ្ឋអាមេរិក ដែលកំពុងតែលូតលាស់ និងបង្កើតសំណាង។

បទឈប់បាញ់រយៈពេល ៣០ ម៉ោងនៃបុណ្យអ៊ីស្ទើរ ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផុតកំណត់នៅថ្ងៃចន្ទសប្ដាហ៍នេះ។
វិមានក្រឹមឡាំងបានអះអាងថា មិនមានផែនការសម្រាប់ពន្យារពេលទេ ហើយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀង។ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍អំពីការរំលោភបំពានចំនួន ១.៣០០ លើក រួមទាំងការវាយប្រហារដោយកាំភ្លើងធំ និងយានដ្រូន៕