ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងរវាងកងទ័ពរំដោះជាតិ ការ៉ែន (KNLA) និងយោធាមីយ៉ាន់ម៉ា ដែលមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនជាមួយប្រទេសថៃ ហើយអាជ្ញាធរថៃ បានពង្រឹងវិធានការសន្តិសុខ ដើម្បីធានាសុវត្ថិភាពក្នុងតំបន់ ខណៈនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

ពេញមួយយប់រហូតដល់ព្រឹកព្រលឹមថ្ងៃអាទិត្យ (២០ មេសា) ការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងរវាងកងកម្លាំងទាំងពីរនៅជិតភូមិ Huai Plakong ក្នុងស្រុក Mae Ramad ខេត្ត Tak ដែលមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រពីព្រំដែនថៃ-មីយ៉ាន់ម៉ា។ សំឡេងផ្ទុះអាវុធបានលាន់ឮយ៉ាងច្បាស់នៅប្រទេសថៃ ដោយមានផ្សែងហុយចេញពីការផ្ទុះដែលមើលឃើញពីព្រំដែន។ ជនស៊ីវិលមីយ៉ាន់ម៉ាជាច្រើននាក់ បានភៀសខ្លួនទៅថៃ ដោយឆ្លងកាត់ទន្លេ Moei ដើម្បីស្វែងរកការជ្រកកោន។

អាជ្ញាធរមូលដ្ឋាន រួមទាំងនគរបាល យោធា និងក្រុមមន្ត្រីស្រុកនៅ Mae Ramad របស់ថៃ បានចូលរួមកម្លាំងដើម្បីផ្តល់សន្តិសុខ និងទីជម្រកសម្រាប់ជនភៀសខ្លួននៅវត្តមួយកន្លែងក្នុងតំបន់ ដែលពួកគេស្នាក់នៅបណ្តោះអាសន្ន។ កងកម្លាំងថៃ រក្សាការប្រុងប្រយ័ត្នខ្ពស់នៅព្រំដែន ដោយបន្តឃ្លាំមើល ២៤ម៉ោង ដើម្បីការពារអធិបតេយ្យភាពជាតិ និងធានាសុវត្ថិភាពទាំងអ្នកស្រុក និងជនភៀសខ្លួន។

គួរឱ្យដឹងថា ការប៉ះទង្គិចនេះកើតឡើងបន្ទាប់ពីម៉ាឡេស៊ី កាលពីសប្ដាហ៍មុនបានលើកឡើងថា ភាគីជម្លោះរវាងរបបសឹកមីយ៉ាន់យ៉ា និងក្រុមប្រឆាំង រដ្ឋាភិបាលស្រមោល NUG នឹងបន្តបទឈប់បាញ់រយៈពេលខ្លីមួយដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងសង្រ្គោះរញ្ជួយដី៕