ប្រភពមន្ត្រីពីរនាក់បានប្រាប់កាសែត The Times of Israel កាលពីថ្ងៃអាទិត្យ (២០ មេសា) ថា ក្រុមហាម៉ាស បានប្រាប់ក្រុមសម្រុះសម្រួលអារ៉ាប់ កាលពីសប្តាហ៍មុនថា ខ្លួនមានឆន្ទៈក្នុងការចូលទៅក្នុងបទឈប់បាញ់រយៈពេលវែងជាមួយអ៊ីស្រាអែល ហើយក្នុងអំឡុងពេលនោះ ក្រុមនេះសន្យាថានឹងបញ្ឈប់ប្រតិបត្តិការយោធាទាំងអស់ រួមទាំងការអភិវឌ្ឍអាវុធ និងការជីករូងក្រោមដី។

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន និងអ្នកការទូតមកពីប្រទេសសម្របសម្រួលអារ៉ាប់ បាននិយាយថា បទឈប់បាញ់នោះនឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយ ដែលក្រុមសកម្មប្រយុទ្ធមួយនេះចង់បាន ដើម្បីបញ្ចប់សង្គ្រាមហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ របស់ខ្លួន។

ក្រុមមន្ត្រីនិយាយថា ក្រុមហាម៉ាសក៏មានឆន្ទៈប្រគល់ការគ្រប់គ្រងតំបន់ហ្កាហ្សា ទៅឱ្យស្ថាប័នឯករាជ្យនៃអ្នកបច្ចេកទេសប៉ាឡេស្ទីន ដូចដែលបានរំពឹងទុកដោយសំណើរបស់អេហ្ស៊ីប សម្រាប់ការគ្រប់គ្រងក្រោយសង្គ្រាមនៃដែនដីនេះផងដែរ រួមទាំងចំណុចដោះដូរចំណាំប់ថ្នូរជាច្រើនទៀត។ មន្ត្រីប៉ាឡេស្ទីននិយាយថា ចំពោះរយៈពេលនៃបទឈប់បាញ់វិញ ក្រុមហាម៉ាសចង់បានពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ឬក៏អាច ១៥ឆ្នាំ។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានរំលឹកឡើងវិញនូវការប្រឆាំងរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងបែបនេះកាលពីយប់ថ្ងៃសៅរ៍ ដោយអះអាងថា អ៊ីស្រាអែលនឹងមិនយល់ព្រមបញ្ចប់សង្គ្រាម និងដកខ្លួនចេញពីហ្កាហ្សាទេ ទោះបីជានោះមានន័យថាអាចធានាការដោះលែងចំណាប់ថ្នូរ ៥៩នាក់ដែលនៅសេសសល់ក៏ដោយ ព្រោះថា ការធ្វើដូច្នេះនឹងទុកឱ្យក្រុមហាម៉ាស នៅបន្តកាន់អំណាចលើហ្កាហ្សា ដែលជារឿងមិនអាចទទួលយកបានឡើយ៕