តម្លៃប្រេងបានធ្លាក់ចុះប្រហែល ១% នាថ្ងៃចន្ទ (២១ មេសា) នេះ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានដំណើរការទៅមុខយ៉ាងល្អ ដោយបន្ធូរបន្ថយការព្រួយបារម្ភថា ជម្លោះរវាងភាគីទាំងពីរនឹងកាត់បន្ថយការផ្គត់ផ្គង់ពីប្រទេសផលិតនៅមជ្ឈិមបូព៌ាដ៏សំខាន់។

តម្លៃហ៊ុនប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ៧០សេន ឬ ១,០៣% មកនៅត្រឹម ៦៧,២៦ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល ០០:០៣នាទីរំលងអាធ្រាត្រ បន្ទាប់ពីបានឡើងថ្លៃ ៣,២% កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ប្រេងឆៅរបស់អាមេរិក WTI មានតម្លៃ ៦៤ដុល្លារក្នុងមួយបារ៉ែល ដោយធ្លាក់ចុះ ៦៨សេន ស្មើនឹង ១,០៥% បន្ទាប់ពីបានឡើងថ្លៃ ៣,៥៤% ក្នុងវគ្គជួញដូរសប្ដាហ៍មុន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា អាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ដើម្បីចាប់ផ្តើមបង្កើតក្របខ័ណ្ឌសម្រាប់លទ្ធភាពកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មួយ បន្ទាប់ពីកិច្ចពិភាក្សាដែលមន្ត្រីអាមេរិកពិពណ៌នាថាមាន "វឌ្ឍនភាពល្អណាស់" ដែលនេះជាកត្តារុញតម្លៃប្រេងជាចម្បង។

គួរឱ្យដឹងថា ក្ដីបារម្ភពីការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ និងក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងសហភាពអឺរ៉ុប បានជំរុញឱ្យប្រេងឆៅ Brent និង WTI ឱ្យកើនឡើងប្រហែល ៥% កាលពីសប្តាហ៍មុន ដែលជាកំណើនប្រចាំសប្តាហ៍ដំបូងរបស់ប្រេងឆៅទាំងពីរក្នុងរយៈពេល ៣សប្តាហ៍៕