ប្រជាជននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍ Jaipur និង Agra របស់ប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ថាពួកគេសង្ឃឹមថានឹងមានទំនាក់ទំនងពាណិជ្ជកម្មប្រសើរឡើងជាមួយសហរដ្ឋអាមេរិក ខណៈអនុប្រធានាធិបតី លោក JD Vance ធ្វើទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសនេះ ចាប់តាំងពីលោកបានជាប់ឆ្នោតឡើងកាន់តំណែង។

លោក Vance និងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃចន្ទនេះ ខណៈប្រទេសទាំងពីរស្វែងរកការពិភាក្សាអំពីឱកាសសេដ្ឋកិច្ច និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ លោកត្រូវបានគេរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក Vance ទៅកាន់ប្រទេសឥណ្ឌា ធ្វើឡើងក្នុងពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានដំឡើងពន្ធថ្មីលើការនាំចូលរបស់ប្រទេសឥណ្ឌា ទៅសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី ៩ ខែមេសា ពីការផ្អាករយៈពេល៩០ថ្ងៃលើការដំឡើងពន្ធភាគច្រើនសម្រាប់ដៃគូពាណិជ្ជកម្មសំខាន់ៗរួមមានទាំងប្រទេសឥណ្ឌា ដែលផ្តល់ការជួយសង្គ្រោះបណ្តោះអាសន្នសម្រាប់ក្រុមហ៊ុននាំចេញឥណ្ឌា។
ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីខែកុម្ភៈ ដើម្បីធ្វើការលើដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ដោយមានគោលបំណងដើម្បីឈានដល់ពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃ ៥០០ពាន់លានដុល្លារនៅឆ្នាំ២០២៣០។
សហរដ្ឋអាមេរិកក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាផងដែរ ដោយពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១៩០ ពាន់លានដុល្លាររហូតមកដល់ពេលថ្មីៗនេះ។