ពិព័រណ៍សន្តិសុខ ការពារជាតិ និងសន្តិសុខអន្តរជាតិលើកទី១៣ បានចាប់ផ្តើមនៅក្នុងពិព័រណ៍អន្តរជាតិទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ដែលមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិ រួមមានទាំងការតាំងបង្ហាញដ៏លេចធ្លោមកពីសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអ៊ីរ៉ង់។

លោក Sabah Al-Numan អ្នកនាំពាក្យរបស់មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ បានប្រាប់ សារព័ត៌មានReuters ថា ពិព័រណ៍នេះ គឺជាឱកាសសម្រាប់ក្រសួងសន្តិសុខអ៊ីរ៉ាក់ ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាចុងក្រោយបំផុតមកពីក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនមកពីបរទេស។

លោក Al-Numan បាននិយាយបន្ថែមថា អង្គភាពនិងក្រសួងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ មានភារកិច្ចជាក់លាក់ និងត្រូវការសព្វាវុធ ដែលនឹងជួយដល់ភាពជោគជ័យនៃបេសកកម្មរបស់ខ្លួន ព្រមទាំងភាពជឿនលឿនផ្នែកបច្ចេកទេស។
ការតាំងពិព័រណ៍នៅឆ្នាំនេះ រួមមានក្រុមហ៊ុនចំនួន១៥០ ដែលតំណាងឱ្យប្រទេសអារ៉ាប់ និងបរទេសចំនួន២០ រួមជាមួយក្រុមហ៊ុនអ៊ីរ៉ាក់ចំនួន៦៥ក្រុមហ៊ុន។
ការតាំងពិព័រណ៍នេះ ក៏បង្ហាញពីវេទិកាមួយសម្រាប់ការផ្លាស់ប្តូរអ្នកជំនាញ និងស្វែងរកបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងប្រព័ន្ធសព្វាវុធ គ្រាប់រំសេវ និងប្រព័ន្ធស៊ើបការណ៍មកពីក្រុមហ៊ុនបរទេស។