ប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ បានផ្តល់ការធ្វើមាតុភូមិនិវត្តន៍ជនជាតិវ៉េណេស៊ុយអេឡា២៥២ នាក់ ដែលត្រូវបាននិរទេសដោយសហរដ្ឋអាមេរិក និងត្រូវបានដាក់ពន្ធនាគារនៅក្នុងប្រទេសរបស់លោក ប្រសិនបើប្រទេសវ៉េណេស៊ុអេឡា ដោះលែងអ្នកទោសនយោបាយដូចគ្នា។ លោក Nayib Bukele បានអំពាវនាវដោយផ្ទាល់ទៅកាន់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម។

លោក បាននិយាយថា ជននិរទេសវេណេស៊ុយអេឡាជាច្រើននាក់បានប្រព្រឹត្ត «ការចាប់រំលោភ និងឃាតកម្ម» ខណៈអ្នកទោសនយោបាយនៅវេណេស៊ុយអេឡា បានជាប់ពន្ធនាគារ ដោយសារតែពួកគេប្រឆាំងនឹងលោក Maduro ដែលការបោះឆ្នោតឡើងវិញកាលពីឆ្នាំមុនមានជម្លោះយ៉ាងខ្លាំង។ រដ្ឋាភិបាលវេណេស៊ុយអេឡា បានអះអាងថា ខ្លួនគ្មានអ្នកទោសនយោបាយនោះទេ ជាការអះអាងដែលក្រុមសិទ្ធិមនុស្ស បានច្រានចោល។

នៅក្នុងការបង្ហោះនៅលើបណ្តាញ X លោកBukele បានសរសេរថា «ខ្ញុំចង់ស្នើឱ្យលោកម៉ាឌូរ៉ូ នូវកិច្ចព្រមព្រៀងមនុស្សធម៌ ដែលអំពាវនាវឱ្យមានការធ្វើមាតុភូមិនិវត្តន៍១០០% នៃជនជាតិវេណេស៊ុយអេឡា ២៥២នាក់ដែលត្រូវបាននិរទេសជាថ្នូរនឹងការដោះលែងក្នុងចំនួនដូចគ្នាពីក្នុងចំណោមអ្នកទោសនយោបាយរាប់ពាន់នាក់ដែលអ្នកបានឃុំខ្លួន»។
រដ្ឋាភិបាលវេណេស៊ុយអេឡា ពុំបានធ្វើអត្ថាធិប្បាយជាសាធារណៈលើការផ្តល់ការដោះដូររបស់លោក Bukele នោះទេ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជនជាតិវេណេស៊ុយអេឡា ជាង ២០០នាក់ ត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ។