អ៊ុយក្រែន បានចេញការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសសម្រាប់ទីក្រុងគីវ និងផ្នែកធំៗនៃពាក់កណ្តាលភាគខាងកើតរបស់ប្រទេស ខណៈសំឡេងផ្ទុះបានអង្រួនទីក្រុង Mykolaiv នៅព្រឹកថ្ងៃចន្ទ (២១ មេសា) នេះ ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់បុណ្យ Easter មួយថ្ងៃដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ចប់។

ទាំងទីក្រុងគីវ និងទីក្រុងមូស្គូ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អំពីការវាយប្រហាររាប់ពាន់ដង រំលោភបំពានលើបទឈប់បាញ់ ដែលវិមានក្រឹមឡាំង បានបង្ហាញកាលពីថ្ងៃអាទិត្យ ថាមិនត្រូវបានបន្តដូចដែលអ៊ុយក្រែន បានស្នើឡើងឡើយ។

តំបន់មួយចំនួននៅភាគខាងកើតអ៊ុយក្រែន ស្ថិតនៅក្រោមការជូនដំណឹងពីការវាយឆ្មក់តាមអាកាស ដែលចាប់ផ្តើមប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃចន្ទ នេះបើយោងតាមទិន្នន័យពីកងកម្លាំងអាកាសអ៊ុយក្រែន ជាមួយនឹងការប្រកាសអាសន្នបន្តិចម្តងៗឆ្ពោះទៅកាន់តំបន់កណ្តាលនៃប្រទេស។

រដ្ឋបាលយោធាក្រុងគីវ បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមនៅព្រឹកព្រលឹមថ្ងៃចន្ទថា "អាជ្ញាធរជំរុញឱ្យអ្នកស្រុកទៅកាន់ទីជម្រកភ្លាមៗដែលនៅជិតបំផុត ហើយស្នាក់នៅទីនោះរហូតដល់ការជូនដំណឹងត្រូវបានបញ្ចប់"។ ជាមួយគ្នានេះ អភិបាលក្រុងអ៊ុយក្រែន បាននិយាយថា ការផ្ទុះដ៏ធំបានអង្រួនទីក្រុងកំពង់ផែ Mykolaiv របស់អ៊ុយក្រែន ប៉ុន្តែមិនបញ្ជាក់លម្អិតនោះទេ៕