ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសាធារណៈ ឬសមិទ្ធផលជាតិទីមួយដែលសម្ដេចបានសម្ពោធក្រោយពេលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទើបបានបញ្ចប់ ខណៈកំពង់ផែនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែល សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ កំពង់ផែនេះលេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា និងបម្រើដល់វិស័យទេសចរណ៍កម្ពុជា។
សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា









