មីយ៉ាន់ម៉ា៖ បន្ទាប់ពីរដ្ឋាភិបាលរបស់សហភាពមីយ៉ាន់ម៉ាដឹកនាំដោយយោធា បានកាត់ទោសមេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែងគឺលោកស្រី Aung San Suu Kyi ឲ្យជាប់ពន្ធនាគារឲ្យរយៈពេល ៤ឆ្នាំពីបទញុះញង់ឲ្យបំពានវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។

ទោះយ៉ាងណាក៏ដោយទូរទស្សន៍រដ្ឋបានប្រកាសនៅពេលល្ងាចនោះថា មេដឹកនាំជាន់ខ្ពស់គឺលោកឧត្តមសេនីយ៍ Min Aung Hlaing ដែលជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋបានផ្តល់ការលើកលែងទោសពីរឆ្នាំ។ ការកាត់ទោសនេះបណ្ដាលឲ្យមានប្រតិកម្មពីប្រទេសនានា ពិសេសអង្គការសហប្រជាជាតិ ដោយលោកស្រី Michelle Bachelet ប្រធានទីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការផ្តន្ទាទោសរបស់ទីប្រឹក្សារដ្ឋ បន្ទាប់ពីការកាត់ក្តីក្លែងបន្លំនៅក្នុងដំណើរការនីតិវិធីសម្ងាត់ នៅចំពោះមុខតុលាការគ្រប់គ្រងដោយយោធាគឺគ្មានអ្វីក្រៅពីហេតុផលនយោបាយនោះទេ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសាលក្រមក្រោមហេតុផលនយោបាយនេះ ដែលបង្កើតឱ្យមានការដើរថយក្រោយដ៏សំខាន់មួយទៀត សម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារដោយយោធាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់ទោសដោយអយុត្តិធម៌របស់របបយោធាមីយ៉ាន់ម៉ាលើលោកស្រី Aung San Suu Kyi និងការគាបសង្កត់លើមន្ត្រីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យផ្សេងទៀត នៅតែជាការគំរាមកំហែងបន្ថែមទៀតដល់លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌នៅក្នុងប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss និយាយថា ការកាត់ទោសលោកស្រី Aung San Suu Kyi គឺជាការប៉ុនប៉ងដ៏គួរឱ្យរន្ធត់មួយទៀតរបស់របបយោធាមីយ៉ាន់ម៉ាក្នុងការប្រឆាំង និងគាបសង្កត់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយ។ ក្នុងនាមជាប្រទេសជិតខាងដ៏រួសរាយរាក់ទាក់ យើងសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងអស់នៅមីយ៉ាន់ម៉ានឹងបន្តពីផលប្រយោជន៍រយៈពេលវែងរបស់ប្រទេស ផ្សារភ្ជាប់ភាពខ្វែងគំនិតគ្នាក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយបន្តជំរុញការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យដែលរកបានដោយលំបាក។ ចំណែករដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានសម្ដែងក្ដីបារម្ភផងដែរដោយលើកឡើងថា ការកាត់ទោសនេះគឺជាការអភិវឌ្ឍន៍មិនអំណោយផល ខណៈសមាជិកនៃសហគមន៍អន្តរជាតិរួមទាំងប្រទេសជប៉ុនទាមទារឱ្យមានការស្តារឡើងវិញ នូវប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឱ្យបានឆាប់៕
អត្ថបទ៖ សុខមាន