ចក្រភពអង់គ្លេស គ្រោងនឹងបង្កើនការផលិតសព្វាវុធរបស់ខ្លួនយ៉ាងខ្លាំង ដើម្បីលែងពឹងផ្អែកលើការនាំចូលពីអាមេរិក និងបារាំង តទៅទៀត។ វិធានការនេះកើតឡើងនៅពេលក្រុមហ៊ុនការពារជាតិអង់គ្លេស និងអឺរ៉ុប ដកខ្លួនចេញពីការទិញសព្វាវុធ និងបរិក្ខារដែលផលិតដោយអាមេរិក ដោយសារក្ដីបារម្ភអំពីលោកប្រធានាធិបតី Donald Trump ដែលធ្វើឱ្យអាមេរិក ក្លាយជាដៃគូយោធាមិនអាចជឿទុកចិត្តបាន និងដើម្បីបន្ថយការពឹងផ្អែកលើបារាំង។
សេចក្ដីរាយការណ៍ដំបូងដោយកាសែត New York Times បានបង្ហាញថា ក្រុមហ៊ុនការពារជាតិចក្រភពអង់គ្លេស BAE Systems បាននឹងកំពុងបង្កើតវិធីសាស្រ្តថ្មីក្នុងការផលិតគ្រឿងផ្ទុះ និងឧបករណ៍បំផ្ទុះឱ្យបានគ្រប់គ្រាន់នៅក្នុងប្រទេស ដើម្បីបំពេញតម្រូវការរបស់ក្រសួងការពារជាតិ និងការនាំចេញ។

ក្រុមហ៊ុន ដែលជាអ្នកម៉ៅការការពារធំជាងគេនៅអឺរ៉ុបនេះ កំពុងត្រៀមបង្កើតមូលដ្ឋានជាច្រើនទូទាំងចក្រភពអង់គ្លេស ដើម្បីផលិតគ្រឿងផ្ទុះ RDX ដែលត្រូវបានប្រើក្នុងបង់កាំភ្លើង ១៥៥មីលីម៉ែត្រ និងអាវុធរបស់កងទ័ពអង់គ្លេស។ ប្រមុខការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា ឧស្សាហកម្មការពារជាតិ “គឺជាមូលដ្ឋានគ្រឹះនៃសមត្ថភាពរបស់អង់គ្លេស ក្នុងការប្រយុទ្ធ និងយកឈ្នះនៅលើសមរភូមិ”។
BAE Systems និយាយថា ខ្លួនបានបង្កើតវិធីសាស្រ្តថ្មីៗដើម្បីបង្កើតសព្វាវុធថ្មី ដោយពណ៌នាថានោះជាវិធី "ច្នៃប្រឌិត" ដើម្បីរក្សាទំហំតម្រូវការ ខណៈដកចេញនូវវិត្ថុធាតុតម្រូវមួយចំនួន ដែលបណ្ដាញផ្គត់ផ្គង់ទូទាំងពិភពលោកចង់បាន៕

